ខេត្តកំពង់ស្ពឺ: ក្រោយទទួលបានព័ត៌មានពីករណីឃាតកម្មមួយដោយគេឃើញសាកសពបុរសម្នាក់នៅប្រឡាយទឹក ធ្វើឲ្យកម្លាំងការិយាល័យជំនាញបច្ចេកទេសខេត្តកំពង់ស្ពឺប្រញាប់ប្រញាល់ចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុផ្ទាល់ ហើយករណីនេះបើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកសំរោងទង ប្រាប់ថាជនរងគ្រោះឈ្មោះរឿនសារិទ្ធភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅក្នុង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមនុស្សមានស្មារតីមិនប្រក្រតី ។ជនរងគ្រោះមានស្លាកស្នាមវាយ និងវត្ថុរឹងត្រង់ស្មងជើងខាងស្ដាំរលាត់ដាច់ស្បែកនិងលើទ្រូងដោយសារគេអូសសាកសពយកទៅទម្លាក់ចោល។
លោកអធិការប្រាប់ថា ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ ពុធ ៧កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅចំណុចរណ្តៅប្រឡាយទឹកបង្គោលខ្សែភ្លើងក្បែរការដ្ឋានសាង សង់ផ្លូវល្បឿន លឿនខេត្តព្រះសីហនុ_រាជធានីភ្នំពេញ ខាងត្បូងផ្លូវជាតិលេខ៤ប្រហែល៥០ម៉ែត្រស្ថិតក្នុង ភូមិរំលោងឃុំវល្លិស ស្រុកសំរោងទង។ កម្លាំងរបសើលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាបានប្រទះសាកសពបុរសម្នាក់គ្មានពាក់អាវស្លៀកខោខ្លីត្រឹមជង្គង់ជនរងគ្រោះក៏ចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវភ្លាមៗតាមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោសមសាមួន ស្នងការនគរបាលខេត្ដ។
បន្ទាប់មកកម្លាំងរបស់លោកបានបើកការ ស្រាវជ្រាវរកជនដៃដល់ ធ្វើសកម្មភាពតាមជំនាញព្រហ្មទណ្ឌឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលពាក់ព័ន្ធធ្វើមនុស្សឃាតដែលមាន ១.ឈ្មោះសាន សឿន ភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិត្បូងដំរីឃុំកំពង់ចម្លងស្រុកខ្សាច់កណ្តាលខេត្តកណ្តាលមុខរបរកម្មករខួងដីក្រុមហ៊ុនសាងសង់ផ្លូវ«អ្នកវាយសម្លាប់» និង ២.ឈ្មោះសំភាព ភេទប្រុសអាយុ៤២ឆ្នាំនៅភូមិស្រែវាលឃុំសណ្តាន់ស្រុកសណ្តាន់ខេត្តកំពង់ធំ មុខរបរកម្មករខួងដីអ្នកជួយសែងសាកសពបោះចោល។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់នេះបានប្រាប់ថា មូលហេតុពួកគេខឹងនិងជនរងគ្រោះទៅបង្កអុកឡុកដល់កន្លែងគេធ្វើការរបស់គេគួបផ្សំមានអាការ:ស្រវឹងផងហើយទ្រាំមិនបានក៏យកដំបងវាយសម្លាប់តែម្តងទៅ។
បច្ចុប្បន្ន ជនដៃដល់និងអ្នកសមគំនិតត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ ៕