ភ្នំពេញ៖ ក្រុមអ្នករត់តាក់ស៊ីតាមផ្លូវជាតិលេខ១ ក៏ដូចជាផ្លូវជាតិលេខ៣ ប្រកាសថា ពួកខ្លួនគ្រោងនឹងដំឡើងថ្លៃចំពោះអតិថិជនរបស់ខ្លួននៅគ្រាដែលតម្លៃប្រេងសាំងហាក់ដូចជាធូរថ្លៃបន្តិចនោះ ។ មូលហេតុនៃការដំឡើងថ្លៃទៅលើអ្នកជិះ ក៏ព្រោះតែក្រុមអ្នកបើកបររថយន្តតាក់ស៊ីទាំងនោះបានព្រមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ប៉ុន្តែថា ចំនួនមនុស្សដែលជិះក្នុងរថយន្តនោះមិនអាចគ្រប់គ្រាន់នឹងចាក់សាំងបានទេ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះឲ្យស្របទៅនឹងច្បាប់ មានតែវិធីសុំដំឡើងថ្លៃចំពោះអ្នកដំណើរដែលជិះក្នុងរថយន្តតែប៉ុណ្ណោះ ។
រថយន្តតូច១គ្រឿងត្រូវបានកំណត់ឲ្យមានមនុស្សតែ៥នាក់ រាប់ទាំងអ្នកបើកបរផង ។ ជាធម្មតា រថយន្តធុនតូច រត់ឈ្នួលអាចដាក់មនុស្សបាន៧នាក់ ។ នៅពេលដែលមានការអនុវត្តច្បាប់នេះ មានន័យថា រថយន្តឈ្នួលធុនតូច បានបាត់អតិថិជនរបស់ខ្លួន២ទៅ៣នាក់ ។ ដើម្បីប៉ះប៉ូវចំពោះការបាត់បង់មនុស្សនេះ ម្ចាស់រថយន្តចាំបាច់ត្រូវទារលុយអ្នកធ្វើដំណើរបន្ថែមទៀត ដើម្បីគ្រប់ថ្លៃសាំង និងអាចចំណេញខ្លះ ។
បុរសម្ចាស់រថយន្តតាក់ស៊ីម៉ាកកាមរីហើម ស៊េរីឆ្នាំ៩៣ ពាក់ស្លាកលេខ 2A-0966 ដែលដឹកអ្នកដំណើរពីភ្នំពេញ ទៅខេត្តស្វាយរៀងបានឲ្យដឹងថា ម្សិលមិញ គាត់ត្រូវសមត្ថកិច្ចផាកពិន័យជាប្រាក់២៥.០០០រៀល ក៏ព្រោះតែអនុញ្ញាតឲ្យអ្នកដំណើរជិះនៅខាងមុខ២នាក់ ។ លោក សម ដាន់ ម្ចាស់រថយន្តតាក់ស៊ីខាងលើនេះបានបន្តថា រថយន្តរបស់គាត់បានដឹកអ្នកដំណើរ៦នាក់ ដូច្នេះលើសម្នាក់ ក៏ត្រូវសមត្ថកិច្ចផាកពិន័យតែម្តង ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នករត់តាក់ស៊ីនៅច្បារអំពៅ គ្រោងនឹងឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរ ឬអាចថា នឹងដូរអាជីព ព្រោះបើរកស៊ីទៅតាមច្បាប់កំណត់ ដែលអនុញ្ញាតឲ្យរថយន្តតាក់ស៊ីដឹកអ្នកដំណើរអង្គុយបាំងខាងក្រោយ៤នាក់ និងខាងមុខម្នាក់នោះ ថវិកាដែលប្រមូលបានមិនរួចថ្លៃសាំងនោះឡើយ ។ ក្រុមអ្នករត់តាក់ស៊ីនៅច្បារអំពៅបាននិយាយស្រដៀងគ្នាថា ការផាកពិន័យក្នុងទំហំទឹកប្រាក់ច្រើនជាការលំបាក ។ យ៉ាងណាក៏ដោយពួកគាត់ព្យាយាមមិនឲ្យខុសច្បាប់ទេ ប៉ុន្តែការដឹកអ្នកដំណើរចំនួនតិច គឺប្រឈមនឹងការខាតបង់ ។ នៅមានសេវាជាច្រើនទៀតដែលត្រូវចំណាយ ដូចជាបង់ថ្លៃចំណត និងបង់ឲ្យនគរបាលមុនពេលរថយន្តវិលកង់ ។
អ្នករត់តាក់ស៊ីម្នាក់និយាយថា ការដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅទីរួមខេត្តស្វាយរៀង ក្នុងម្នាក់តម្លៃ១៥.០០០រៀល ។ មុនពេលអនុវត្តច្បាប់ រថយន្ត១គ្រឿងអាចដាក់អ្នកដំណើរបាន៨នាក់ ។ ក្នុងមួយជើងពួកគេអាចសល់ប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និងសល់ខ្លះសន្សំទុកបង់ធនាគារ ព្រោះថា រថយន្តដែលទិញមករត់ឈ្នួលនោះបានលុយមកពីការខ្ចីបុលធនាគារ ។ ប្រសិនបើមិនរត់ឈ្នួលទេ ប្រាកដជាត្រូវជំពាក់ប្រាក់ធនាគារកាន់តែច្រើនឡើង ។
អ្នករត់តាក់ស៊ីទាំងនេះនិយាយថា ពួកគេមិនប្រឆាំងនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនោះឡើយ ប៉ុន្តែអ្វីដែលបានអនុវត្ត គឺហាក់ដូចជាធ្ងន់បន្តិច ។
ចំណែកអ្នករត់តាក់ស៊ីរថយន្តធុន១៥កៅអីវិញ ក៏បានរអ៊ូរទាំដូចគ្នាទៅនឹងអ្នកបើកបររថយន្តធុនតូចនោះដែរ ។ គ្រាមុន រថយន្តតាក់ស៊ីទួរីស ឬសាំយ៉ុង អាចដឹកអតិថិជនបានជាង២០នាក់ ។ រថយន្តឈ្នួលបែបនេះដឹកអ្នកដំណើរទៅខេត្តស្វាយរៀងក្នុងមួយជើងអាចសល់ប្រាក់ប្រហែល២០ដុល្លារ ។ នៅពេលដែលចាប់ផ្តើមការអនុវត្តច្បាប់ចរាចរណ៍ដែលសមត្ថកិច្ចដាក់កម្លាំងត្រួតពិនិត្យតាមផ្លូវ កំណត់ឲ្យអ្នកជិះក្នុងកៅអីមួយ មនុស្សម្នាក់នោះ គឺពួកគាត់ប្រឈមនឹងការបាត់បង់ផលចំណេញ ។
អ្នកបើករថយន្តឈ្នួល១៥កៅអីម្នាក់និយាយថា ឥឡូវនេះ គាត់មិនហ៊ានដាក់មនុស្សច្រើននោះទេ ព្រោះវាខុសនឹងច្បាប់ដែលត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ច្រើនៗ ដូច្នេះមានតែព្រមអនុវត្តច្បាប់ដោយរថយន្តរបស់គាត់ដាក់បានតែអ្នកដំណើរ១៥នាក់ ។ អ្នកបើកបររថយន្តរូបនេះនិយាយថា«គ្មានចំណេញទេបងអើយ! វាខាតហើយឡាននេះទៀត ខ្ចីលុយធនាគារគេទិញ! ពិបាកដោះស្រាយណាស់បង មិនដឹងគិតយ៉ាងម៉េចទេ» ។
បើទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិអះអាងថា នឹងមិនរាថយចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះឡើយ ។ កម្លាំងសមត្ថកិច្ចនគរបាលនៅតែបន្តអនុវត្តច្បាប់ដែលមាននេះឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្លាំងសមត្ថកិច្ចបានអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព បើទោះបីជាមានការិះគន់ និងប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្តក្តី ។ មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ និយាយថា ការអនុវត្តច្បាប់ដំបូងវាយ៉ាងដូច្នេះឯង ប៉ុន្តែវានឹងមានភាពប្រសើរឡើងចំពោះការធ្វើចរាចរណ៍ ពោលគឺរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
សម្រាប់អ្នករត់តាក់ស៊ីយល់ថា មានតែវិធីសុំការយោគយល់ពីអ្នកធ្វើដំណើរ សុំឡើងថ្លៃសេវាដឹកជញ្ជូនប៉ុណ្ណោះ ។ យ៉ាងណាវានៅតែលំបាក ការសុំឡើងថ្លៃម្តងដល់ទៅ៥ពាន់រៀល ពិតជាប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើរ ។ អ្នកធ្វើដំណើរភាគច្រើនជាប្រជាពលរដ្ឋក្រីក្រនៅទីជនបទនោះឯង ។
នៅតាមផ្លូវជាតិលេខ១ រយៈពេល ៥ ថ្ងៃបន្ទាប់ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានចាប់ផ្ថើមអនុវត្តន៍រួចមក សមត្ថកិច្ចក្រុងភ្នំពេញ និងកម្លាំងពាក់ព័ន្ធ ដែលឈរតាមផ្លូវជាតិលេខ១ត្រង់ចំណុចសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ និងពិន័យរថយន្ត និងម៉ូតូល្មើសច្បាប់រាប់រយគ្រឿងក្រោមហេតុផលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ។
តំណាងសមត្ថកិច្ចឈរជើងនៅចំណុចសង្កាត់ក្បាលកោះ លោក ប្រាក់ ចិន្ដា ឲ្យដឹងថាៈ រយៈពេល៥ថ្ងៃ ពោលគឺនេះជាថ្ងៃទី ៥ កម្លាំងបានសំគាល់ឃើញថា ពលរដ្ឋបានល្មើសច្បាប់ចរាចរណ៍ភាគច្រើនគឺម៉ូតូដឹកគ្នា២នាក់ ឬ៣នាក់ ហើយអ្នកក្រោយមិនពាក់មួកនោះទេ ។
រីឯរថយន្តវិញខ្លះពិន័យទៅលើឈៀកឡាន បើកបរមិនពាក់ខ្សែក្រវាត់ បិទកញ្ចក់ខ្មៅក៏ដូចជាការដាក់មនុស្សលើសចំនួនជាដើម ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដែលជាថ្ងៃទី៤នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រួតពិនិត្យយានយន្តទូទាំងប្រទេសបានចំនួន២៧៤៦៩គ្រឿង រកឃើញយានយន្តល្មើសចំនួន៨១៣៩គ្រឿង និងយានយន្តអប់រំ៤៤២២គ្រឿង បានយកទៅរក្សាទុកចំនួន១២៦គ្រឿង ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ក្នុងសន្និសិទកាសែតថា នៅថ្ងៃទី០៤ ខែមករា ត្រួតពិនិត្យយានយន្តទូទាំងប្រទេសបានចំនួន២៧៤៦៩គ្រឿង (រថយន្ត៩៦៧៧គ្រឿង) ក្នុងនោះបានរកឃើញយានយន្តល្មើសចំនួន៨១៣៩គ្រឿង (រថយន្ត៣៣៣១គ្រឿង) និងបានអប់រំម្ចាស់យានយន្តចំនួ៤៤២២គ្រឿង (រថយន្ត១៩៤០គ្រឿង) បង្កាន់ដៃពិន័យ៣៧១៧គ្រឿង បង្កាន់ដៃបង់ប្រាក់២៧៤៧គ្រឿង (រថយន្ត១០០៣គ្រឿង) និងឃាត់ទុកយានយន្តចំនួន១២៧គ្រឿង (រថយន្ត១គ្រឿង) ចំនួនទឹកប្រាក់បង់រួចចំនួន៦៧៣.០០០.០០០រៀល ។
ដោយឡែកការត្រួតពិនិត្យយានយន្តនៅថ្ងៃទី០៣ ខែមករា មានចំនួន៣០៣១២គ្រឿង ស្មើ៣០ភាគរយ យានយន្តល្មើសចំនួន៨៨៩៨គ្រឿង ស្មើ៣០ភាគរយ យានយន្តអប់រំចំនួន៥២២៦គ្រឿង ស្មើ៥៩ភាគរយ ចេញបង្កាន់ដៃពិន័យចំនួន៣៦៧២គ្រឿង ស្មើ៤១ភាគរយ ពិន័យចំនួន៣១២៣គ្រឿង ស្មើ៨៥ភាគរយ ហើយក្នុងនោះឃាត់យានយន្តទុកចំនួន៧៣គ្រឿង ៕
ដោយ៖ ហេង សូរិយា