ប្រេងសាំង​ធូរ​ថ្លៃ​ អ្នក​បើក​តាក់ស៊ី​ប្រុង​ដំឡើង​ថ្លៃ​ទៅ​វិញ

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុម​អ្នក​រត់​តាក់ស៊ី​តាម​ផ្លូវជាតិ​លេខ​១​ ក៏​ដូច​ជា​ផ្លូវជាតិ​លេខ​៣​ ប្រកាស​ថា​ ពួក​ខ្លួន​គ្រោង​នឹង​ដំឡើង​ថ្លៃ​ចំពោះ​អតិថិជន​របស់​ខ្លួន​នៅ​គ្រា​ដែល​តម្លៃ​ប្រេងសាំង​ហាក់ដូចជា​ធូរ​ថ្លៃ​បន្តិច​នោះ​ ។​ មូលហេតុ​នៃ​ការ​ដំឡើង​ថ្លៃ​ទៅ​លើ​អ្នក​ជិះ​ ក៏​ព្រោះតែ​ក្រុម​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ទាំងនោះ​បាន​ព្រម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ប៉ុន្តែ​ថា​ ចំនួន​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​មិន​អាច​គ្រប់គ្រាន់​នឹង​ចាក់​សាំង​បាន​ទេ​ ។​ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ មាន​តែ​វិធី​សុំ​ដំឡើង​ថ្លៃ​ចំពោះ​អ្នកដំណើរ​ដែល​ជិះ​ក្នុង​រថយន្ត​តែ​ប៉ុណ្ណោះ​ ។​

w43

​រថយន្ត​តូច​១​គ្រឿង​ត្រូវ​បាន​កំណត់​ឲ្យ​មាន​មនុស្ស​តែ​៥​នាក់​ រាប់​ទាំង​អ្នកបើកបរ​ផង​ ។​ ជា​ធម្មតា​ រថយន្ត​ធុន​តូច​ រត់​ឈ្នួល​អាច​ដាក់​មនុស្ស​បាន​៧​នាក់​ ។​ នៅ​ពេល​ដែល​មានការ​អនុវត្ត​ច្បាប់​នេះ​ មាន​ន័យ​ថា​ រថយន្តឈ្នួល​ធុន​តូច​ បាន​បាត់​អតិថិជន​របស់​ខ្លួន​២​ទៅ​៣​នាក់​ ។​ ដើម្បី​ប៉ះប៉ូវ​ចំពោះ​ការ​បាត់បង់​មនុស្ស​នេះ​ ម្ចាស់​រថយន្ត​ចាំបាច់​ត្រូវ​ទារ​លុយ​អ្នក​ធ្វើ​ដំណើរ​បន្ថែម​ទៀត​ ដើម្បី​គ្រប់​ថ្លៃ​សាំង​ និង​អាច​ចំណេញ​ខ្លះ​ ។​

​បុរស​ម្ចាស់​រថយន្ត​តាក់ស៊ី​ម៉ាក​កាម​រី​ហើម​ ស៊េរី​ឆ្នាំ​៩៣​ ពាក់​ស្លាក​លេខ​ 2A-0966​ ដែល​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ ទៅ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​ គាត់​ត្រូវ​សមត្ថកិច្ច​ផាកពិន័យ​ជា​ប្រាក់​២៥.០០០​រៀល​ ក៏​ព្រោះតែ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ជិះ​នៅ​ខាង​មុខ​២​នាក់​ ។​ លោក​ សម​ ដាន់​ ម្ចាស់​រថយន្ត​តាក់ស៊ី​ខាងលើ​នេះ​បាន​បន្ត​ថា​ រថយន្ត​របស់​គាត់​បាន​ដឹក​អ្នកដំណើរ​៦​នាក់​ ដូច្នេះ​លើស​ម្នាក់​ ក៏​ត្រូវ​សមត្ថកិច្ច​ផាកពិន័យ​តែ​ម្តង​ ។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ច្បារ​អំពៅ​ គ្រោង​នឹង​ឡើងថ្លៃ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​ ឬ​អាច​ថា​ នឹង​ដូរ​អាជីព​ ព្រោះ​បើ​រកស៊ី​ទៅ​តាម​ច្បាប់​កំណត់​ ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​តាក់ស៊ី​ដឹក​អ្នកដំណើរ​អង្គុយ​បាំង​ខាងក្រោយ​៤​នាក់​ និង​ខាង​មុខ​ម្នាក់​នោះ​ ថវិកា​ដែល​ប្រមូល​បាន​មិន​រួច​ថ្លៃ​សាំង​នោះ​ឡើយ​ ។​ ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ច្បារ​អំពៅ​បាន​និយាយ​ស្រ​ដៀង​គ្នា​ថា​ ការ​ផាកពិន័យ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​ជា​ការ​លំបាក​ ។​ យ៉ាងណា​ក៏​ដោយ​ពួក​គាត់​ព្យាយាម​មិន​ឲ្យ​ខុសច្បាប់​ទេ​ ប៉ុន្តែ​ការ​ដឹក​អ្នកដំណើរ​ចំនួន​តិច​ គឺ​ប្រឈម​នឹង​ការ​ខាតបង់​ ។​ នៅ​មាន​សេវា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ចំណាយ​ ដូច​ជា​បង់ថ្លៃ​ចំណត​ និង​បង់​ឲ្យ​នគរបាល​មុន​ពេល​រថយន្ត​វិល​កង់​ ។​

​អ្នក​រត់​តាក់ស៊ី​ម្នាក់​និយាយ​ថា​ ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ទី​រួម​ខេត្តស្វាយរៀង​ ក្នុង​ម្នាក់​តម្លៃ​១៥.០០០​រៀល​ ។​ មុន​ពេល​អនុវត្ត​ច្បាប់​ រថយន្ត​១​គ្រឿង​អាច​ដាក់​អ្នកដំណើរ​បាន​៨​នាក់​ ។​ ក្នុង​មួយ​ជើង​ពួក​គេ​អាច​សល់​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ និង​សល់​ខ្លះ​សន្សំទុក​បង់​ធនាគារ​ ព្រោះថា​ រថយន្ត​ដែល​ទិញ​មក​រត់​ឈ្នួល​នោះ​បាន​លុយ​មក​ពី​ការ​ខ្ចីបុល​ធនាគារ​ ។​ ប្រសិនបើ​មិន​រត់​ឈ្នួល​ទេ​ ប្រាកដជា​ត្រូវ​ជំពាក់​ប្រាក់​ធនាគារ​កាន់តែ​ច្រើន​ឡើង​ ។​

​អ្នក​រត់​តាក់ស៊ី​ទាំងនេះ​និយាយ​ថា​ ពួក​គេ​មិន​ប្រឆាំង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នោះ​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​បាន​អនុវត្ត​ គឺ​ហាក់ដូចជា​ធ្ងន់​បន្តិច​ ។​

​ចំណែក​អ្នក​រត់​តាក់ស៊ី​រថយន្ត​ធុន​១៥​កៅអី​វិញ​ ក៏​បាន​រអ៊ូរទាំ​ដូច​គ្នា​ទៅ​នឹង​អ្នកបើកបរ​រថយន្ត​ធុន​តូច​នោះ​ដែរ​ ។​ គ្រា​មុន​ រថយន្ត​តាក់ស៊ី​ទួ​រី​ស​ ឬ​សាំ​យ៉ុ​ង​ អាច​ដឹក​អតិថិជន​បាន​ជាង​២០​នាក់​ ។​ រថយន្តឈ្នួល​បែប​នេះ​ដឹក​អ្នកដំណើរ​ទៅ​ខេត្តស្វាយរៀង​ក្នុង​មួយ​ជើង​អាច​សល់​ប្រាក់​ប្រហែល​២០​ដុល្លារ​ ។​ នៅ​ពេល​ដែល​ចាប់ផ្តើម​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​សមត្ថកិច្ច​ដាក់​កម្លាំង​ត្រួតពិនិត្យ​តាម​ផ្លូវ​ កំណត់​ឲ្យ​អ្នក​ជិះ​ក្នុង​កៅអី​មួយ​ មនុស្ស​ម្នាក់​នោះ​ គឺ​ពួក​គាត់​ប្រឈម​នឹង​ការ​បាត់បង់​ផល​ចំណេញ​ ។​

​អ្នក​បើករថយន្ត​ឈ្នួល​១៥​កៅអី​ម្នាក់​និយាយ​ថា​ ឥឡូវនេះ​ គាត់​មិន​ហ៊ាន​ដាក់​មនុស្ស​ច្រើន​នោះ​ទេ​ ព្រោះ​វា​ខុស​នឹង​ច្បាប់​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ច្រើនៗ​ ដូច្នេះ​មាន​តែ​ព្រម​អនុវត្ត​ច្បាប់​ដោយ​រថយន្ត​របស់​គាត់​ដាក់​បាន​តែ​អ្នកដំណើរ​១៥​នាក់​ ។​ អ្នកបើកបរ​រថយន្ត​រូប​នេះ​និយាយ​ថា​«​គ្មាន​ចំណេញ​ទេ​បង​អើយ​!​ វា​ខាត​ហើយ​ឡាន​នេះ​ទៀត​ ខ្ចី​លុយ​ធនាគារ​គេ​ទិញ​!​ ពិបាក​ដោះស្រាយ​ណាស់​បង​ មិនដឹង​គិត​យ៉ាងម៉េច​ទេ​»​ ។​

​បើ​ទោះជា​យ៉ាងនេះ​ក្តី​ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា​ នឹង​មិន​រា​ថយ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ឡើយ​ ។​ កម្លាំង​សមត្ថកិច្ច​នគរបាល​នៅ​តែ​បន្ត​អនុវត្ត​ច្បាប់​ដែល​មាន​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ កម្លាំង​សមត្ថកិច្ច​បាន​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ បើ​ទោះបីជា​មានកា​រិះគន់​ និង​ប្រជាពលរដ្ឋ​ខ្លះ​មិន​សប្បាយចិត្ត​ក្តី​ ។​ មន្ត្រី​នគរបាល​ជាន់ខ្ពស់​រូប​នេះ​ និយាយ​ថា​ ការ​អនុវត្ត​ច្បាប់​ដំបូង​វា​យ៉ាង​ដូច្នេះ​ឯង​ ប៉ុន្តែ​វា​នឹង​មាន​ភាព​ប្រសើរ​ឡើង​ចំពោះ​ការ​ធ្វើ​ចរាចរណ៍​ ពោល​គឺ​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ។​

​សម្រាប់​អ្នក​រត់​តាក់ស៊ី​យល់​ថា​ មាន​តែ​វិធី​សុំ​ការ​យោគយល់​ពី​អ្នក​ធ្វើ​ដំណើរ​ សុំ​ឡើងថ្លៃ​សេវា​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ ។​ យ៉ាងណា​វា​នៅ​តែ​លំបាក​ ការ​សុំ​ឡើងថ្លៃ​ម្តង​ដល់​ទៅ​៥​ពាន់​រៀល​ ពិតជា​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​ ។​ អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទី​ជនបទ​នោះ​ឯង​ ។​

​នៅ​តាម​ផ្លូវជាតិ​លេខ​១​ រយៈពេល​ ៥​ ថ្ងៃ​បន្ទាប់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​ចាប់​ផ្ថើ​ម​អនុវត្តន៍​រួច​មក​ សមត្ថកិច្ច​ក្រុងភ្នំពេញ​ និង​កម្លាំង​ពាក់ព័ន្ធ​ ដែល​ឈរ​តាម​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ឃាត់​ និង​ពិន័យ​រថយន្ត​ និង​ម៉ូតូ​ល្មើសច្បាប់​រាប់រយ​គ្រឿង​ក្រោម​ហេតុផល​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ ។​

​តំណាង​សមត្ថកិច្ច​ឈរជើង​នៅ​ចំណុច​សង្កាត់​ក្បាលកោះ​ លោក​ ប្រាក់​ ចិន្ដា​ ឲ្យ​ដឹង​ថាៈ​ រយៈពេល​៥​ថ្ងៃ​ ពោល​គឺ​នេះ​ជា​ថ្ងៃ​ទី​ ៥​ កម្លាំង​បាន​សំគាល់​ឃើញ​ថា​ ពលរដ្ឋ​បាន​ល្មើសច្បាប់​ចរាចរណ៍​ភាគច្រើន​គឺ​ម៉ូតូ​ដឹក​គ្នា​២​នាក់​ ឬ​៣​នាក់​ ហើយ​អ្នក​ក្រោយ​មិន​ពាក់មួក​នោះ​ទេ​ ។​

​រីឯ​រថយន្ត​វិញ​ខ្លះ​ពិន័យ​ទៅ​លើ​ឈៀក​ឡាន​ បើកបរ​មិន​ពាក់​ខ្សែក្រវាត់​ បិទ​កញ្ចក់​ខ្មៅ​ក៏​ដូច​ជា​ការ​ដាក់​មនុស្ស​លើស​ចំនួន​ជាដើម​ ។

​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​ទី​៤​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ត្រួតពិនិត្យ​យានយន្ត​ទូ​ទាំង​ប្រទេស​បាន​ចំនួន​២៧៤៦៩​គ្រឿង​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​៨១៣៩​គ្រឿង​ និង​យានយន្ត​អប់រំ​៤៤២២​គ្រឿង​ បាន​យក​ទៅ​រក្សា​ទុក​ចំនួន​១២៦​គ្រឿង​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ រុន​ រ័​ត្ន​វាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​ក្នុង​ស​ន្និ​សិ​ទ​កាសែត​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ត្រួតពិនិត្យ​យានយន្ត​ទូ​ទាំង​ប្រទេស​បាន​ចំនួន​២៧៤៦៩​គ្រឿង​ (​រថយន្ត​៩៦៧៧​គ្រឿង​)​ ក្នុង​នោះ​បាន​រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​៨១៣៩​គ្រឿង​ (​រថយន្ត​៣៣៣១​គ្រឿង​)​ និង​បាន​អប់រំ​ម្ចាស់​យានយន្ត​ចំ​នួ​៤៤២២​គ្រឿង​ (​រថយន្ត​១៩៤០​គ្រឿង​)​ បង្កាន់ដៃ​ពិន័យ​៣៧១៧​គ្រឿង​ បង្កាន់ដៃ​បង់ប្រាក់​២៧៤៧​គ្រឿង​ (​រថយន្ត​១០០៣​គ្រឿង​)​ និង​ឃាត់​ទុក​យានយន្ត​ចំនួន​១២៧​គ្រឿង​ (​រថយន្ត​១​គ្រឿង​)​ ចំនួន​ទឹកប្រាក់​បង់​រួច​ចំនួន​៦៧៣.០០០.០០០​រៀល​ ។​

​ដោយឡែក​ការ​ត្រួតពិនិត្យ​យានយន្ត​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ មាន​ចំនួន​៣០៣១២​គ្រឿង​ ស្មើ​៣០​ភាគរយ​ យានយន្ត​ល្មើស​ចំនួន​៨៨៩៨​គ្រឿង​ ស្មើ​៣០​ភាគរយ​ យានយន្ត​អប់រំ​ចំនួន​៥២២៦​គ្រឿង​ ស្មើ​៥៩​ភាគរយ​ ចេញ​បង្កាន់ដៃ​ពិន័យ​ចំនួន​៣៦៧២​គ្រឿង​ ស្មើ​៤១​ភាគរយ​ ពិន័យ​ចំនួន​៣១២៣​គ្រឿង​ ស្មើ​៨៥​ភាគរយ​ ហើយ​ក្នុង​នោះ​ឃាត់​យានយន្ត​ទុក​ចំនួន​៧៣​គ្រឿង​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print