សង្ស័យជំពាក់លុយគេច្រើនវិចបង្វិចចាកចេញទាំងយប់ធ្វើឱ្យម្ចាស់បំណុលខ្វល់ខ្វាយពេញខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ ប្រភពព័ត៌មានពីអ្នកជិតខាង និងម្ចាស់បំណុលព្រមទាំងអ្នកធានាខ្ចីលុយកាក់បានលើកឡើងស្រដៀងៗគ្នាថា ជាងជួសជុល បាញ់ថ្នាំ បិតស្គុត ដំឡើងតែម និងបោះដុំលក់រាយគ្រឿងបន្លាស់ម៉ូតូគ្រប់ប្រភេទដ៏ល្បីល្បាញម្នាក់នៅខេត្តពោធិ៍សាត់ ត្រូវបានរើឥវ៉ាន់ចាកចេញទាំងយប់ ត្រូវបានគេសង្ស័យ ដោយសារជំពាក់លុយគេច្រើនពេក គ្មានលទ្ធភាពសង ។
​ប្រភពបន្តថា ហេតុការណ៍ជាងម៉ូតូវិចបង្វិចចេញទាំងយប់ត្រូវបានគេសង្ស័យដោយសារតែការជំពាក់លុយគេច្រើនពេកខាងលើនេះ បានភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹមនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ដែលមានទីតាំងត្រង់ចំណុចបូរីតេអូ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ខណៈដែលមានម្ចាស់បំណុលជាច្រើននាក់បានមកទារលុយជាបន្តបន្ទាប់ ។

​តាមប្រភពខាងលើបន្ដទៀតថា ជាងម៉ូតូដ៏ល្បីល្បាញឈ្មោះគួរសម ហើយឥវ៉ាន់លក់ពេញផ្ទះមិនសមនឹងធ្វើបែបនេះទាល់តែសោះ ទាល់តែគាត់ចាកចេញបាត់ហើយឃើញម្ចាស់បំណុលមកសួរនាំអ្នកជិតខាងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការចងការលុយ រាប់លុយ លេងតុងទីន ក្នុងម្នាក់ៗចាប់ពី ៥០០ដុល្លា រហូតដល់ ៤០០០០ ទៅ ៥០០០០ដុល្លាឯណុះ ទើបធ្វើឱ្យអ្នកជិតខាងបើកភ្នែកមូលដូចកាក់ ហើយជាងម៉ូតូខាងលើនេះ គេឃើញគាត់រើឥវ៉ាន់នៅពេលយប់ៗ ២-៣យប់ហើយ ប៉ុន្ដែគ្មានអ្នកចាប់អារម្មណ៍ លុះនៅវេលាម៉ោងប្រមាណជាង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ គាត់បាននាំប្រពន្ធកូនចាកចេញពីផ្ទះល្វែង ដែលគាត់ជួលតម្លៃ ២០០ដុល្លាក្នុង ១ខែ ដោយរើឥវ៉ាន់ចេញអស់រលីង បន្សល់ទុកនៅផ្លាកយីហោ ធ្វើអំពីកៅស៊ូដូចក្នុងរូបភាព ១ផ្ទាំងប៉ុណ្ណោះ ហើយនៅព្រឹកថ្ងៃទី០៥ ខែមករានេះ គេឃើញមានម៉ូតូសណ្ដោងរ៉ឺម៉កមកដឹកទូចំនួន ២គ្រឿងបង្ហើយ ។ ករណីនេះគេមិនទាន់ដឹងច្បាស់ថា ការជំពាក់លុយរបស់ម្ចាស់បំណុលទូទាំងខេត្ត មានប៉ុន្មាននាក់ ហើយមានចំនួនប៉ុន្មានម៉ឺនដុល្លានោះឡើយ ហើយគេក៏មិនដឹងថាគាត់ផ្លាស់ទីតាំង ទៅរកស៊ីនៅទីណានោះដែរ ដែលករណីបរាជ័យក្នុងការរកស៊ីនេះត្រូវបានគេសង្ស័យផ្ដើមចេញដោយសារល្បែងស៊ីសងចំណែកម្ចាស់បំណុលបានត្រឹមមកអើតឃើញកន្លែងគាត់រកស៊ីក្រវីក្បាលដូចគោស្រាំងទិច និងដកដង្ហើមធំប៉ុណ្ណោះ ។

​ពាក់ព័ន្ធនឹងការលើកឡើងស្រដៀងៗគ្នាពីប្រភពខាងលើ អ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីជាងម៉ូតូខាងលើនេះបានទេ ខណៈលេខទូរស័ព្ទទាំង ៣ខ្សែ របស់គាត់តេមិនចូល ។ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print