ខេត្តសៀមរាប៖ ជនជាតិហ្វីលីពីនម្នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ បន្ទាប់ពីជនបរទេសរូបនោះ លួចលុយជនបរទេសដូចគ្នាចំនួន១២០០ដុល្លា។
ការឃាត់ខ្លួនជនសង្ស័យជាជនជាតិហ្វីលីពីនម្នាក់នេះកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០១៦ស្ថិតនៅផ្ទះជួល ក្នុងក្រុងសៀមរាប តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ី សូហ្គិ ម៉ារី ភេទស្រីអាយុ២៧ឆ្នាំមុខរបរជាភ្ញៀវទេសចរណ៍ជនជាតិជប៉ុន កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៥នៅស្ថិតនៅភូមិសង្កាត់ខាងលើ ។
លោកវរសេនីយឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍ខេត្តបានឲ្យដឹងនៅ ថ្ងៃទី០៥ខែមករាឆ្នាំ២០១៦ថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងជំនាញបានចុះសហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុង ធ្វើការស្រាវជ្រាវធ្វើកាឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្ត ដើម្បីសាកសួរ និងកសាងសុំណំរឿងបញ្ជូនទៅតុលាការ។លោកបន្តថា ជនសង្ស័យជាជនជតិហ្វីលីពីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយពីជនរងគ្រោះពិតបា្រកដមែន។លោកបន្តទៀតថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះ BERNABE BRYAN ភេទប្រុសអាយុ៣៩ឆ្នាំ ជាជនជាតិហ្វីលីពីន មានមុខរបរ ទិញ-លក់ខោអាវ ស្នាក់នៅផ្ទះជួលក្នុងភូមិ/សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប មានកាន់លិខិតឆ្លងដែនលេខ EB8303249ចុះថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៣។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់នករបាលអន្តោប្រវេសន៍នៃស្នងការខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី០៥ខែមករា ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ជានិរន្ដរ៍