ភ្នំពេញ៖ តារាកំប្លែងស្រីល្បីឈ្មោះនាងខ្ញុង បានជួយបនឹងតារាសម្តែងជើងចាស់ទេពរិនដារ៉ូ ក្នុងតំណែងតួឯកជាលើកដំបូងក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម រិជឃីតមេឌា(Rich Kids Media ) រឿង”ក្រមុំ៣១កំលោះ៥២” តារាសម្តែងជើងចាស់ ទេពរិន្ទដារ៉ូចាប់អារម្មណ៍ខ្លាំងជាមួយឈុតឆាកកំប្លែងមួយគឺឈុតរំលោភនាងខ្ញុងនៅក្នុងផ្ទះ។
តារាសម្តែងមានវ័យជាង៥ទសវត្សរ៍លោកទេពរិន្ទដារ៉ូនិយាយថា ក្នុងខ្សែភាពយន្តខាងលើលោកសម្តែងជាតួអង្គកំលោះចាស់ឈ្មោះដារ៉ូហើយលោកពិតជាសប្បាយចិត្តដែលបានសម្តែងក្នុងតំណែងតួឯកជាមួយនឹងតារាជំនាន់ក្រោយជាច្រើនពិសេសគឺនាងខ្ញុងតែម្តង។ លោកបន្តថា នាងខ្ញុងបានធ្វើឲ្យលោកសើចរហូតពីពេលចាប់ផ្តើមធ្វើការរហូតដល់ពេលចប់ការងារសម្តែង។
លោកថាអ្វីដែលលោកចាំមិនភ្លេចគឺឈុតឆាកមួយដែលតម្រូវឲ្យមានតែតួពីរនាក់ក្នុងបន្ទប់ដោយនាងខ្ញុងធ្វើសរសៃឲ្យហើយដោយសារតែពាក្យសម្តីឌឺដងនិងឌៀលរបស់នាងខ្ញុងថាលោកជា”ប្រុសខ្ទើយៗ”នោះបានធ្វើឲ្យលោកខឹងហើយចាប់នាងខ្ញុងរំលោភនាងរហូតប្រតាយប្រតប់ធ្លាក់ដែកគោលទៅលើឥដ្ឋដោយសារតែមានគេមកទាន់ លោកក៏រុញនាងចេញប៉ុន្តែរៀបនឹងដួលធ្លាក់លើដែកគោលលោកក៏បានជួយនាងខ្ញុងពីគ្រោះថ្នាក់ដោយធាក់រហូតខ្ទប់នឹងជញ្ជាំង។ លោកថាវាគឺជាឈុតឆាកដែលធ្វើឲ្យលោកអស់សំណើចនិងចាំមិនភ្លេច ។
លោកថា ក្រៅពីឈុតឆាកទាំងនេះក៏មានឈុតឆាកពិសេសៗជាច្រើនដែលភាគច្រើនជាឈុតឆាកបែបកំប្លែង។ លោកបញ្ជាក់ថាអស់រយៈពេលជាយូមកហើយដែលលោកបានសម្តែងជាតួឯក ហើយការផ្តល់តំណែងនេះក៏ក្រោយពេលដែលសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចោទជាសំណួរមកលោកកាលពីថ្ងៃពិធីអង្គរសង្រ្កាន្តថា ពេលណាទើបលោកនឹកនាយកប្រពន្ធ ហើយរឿងនេះក៏អាចបញ្ជាក់អំពីមូលហេតុដែលធ្វើឲ្យលោកមិនយកប្រពន្ធ ទោះបីជាមានហេតុផលខ្លះត្រូវឬខុសពីរឿងពិតរបស់លោកក៏ដោយ។លោករំពឹងដែរថាខ្សែភាពយន្តដែលជាស្នាដៃសម្រិតសម្រាំងដ៏ប៉ិនប្រសប់មានច្រើនរស់ជាតិនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង “ក្រមុំ៣១កំលោះ៥២”បានធ្វើការផលិតអស់រយៈពេល៥ខែ និងចំណាយការផលិតប្រមាណ៨ម៉ឺនដុល្លារអាមេរិក។ ខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៦នេះតទៅផងដែរ។
ខ្សែភាពយន្តខ្នាតធំនេះ នឹងត្រៀមដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនបានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះដែលតួសំខាន់មានដូចជា លោក ទេព រិនដារ៉ូ នាងខ្ញុង កញ្ញា មេនីយ៉ាង លោក សាវិន ហ្វីលីព លោក អ៊ុក សុភារិទ្ធិជាដើម៕
ដោយ៖ វឌ្ឍនា