សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅអាមេរិក បានកើតឡើងស្ទើរាល់ថ្ងៃ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ ដោយការបាញ់ប្រហារបង្កឡើងដោយពលរដ្ឋអាមេរិកផ្ទាល់។ ការបាញ់ប្រហារទាំងនោះគួរណាស់តែពលរដ្ឋអាមេរិកទាមទារឲ្យរដ្ឋាភិបាលរឹតបន្តឹង ឬចេញច្បាប់ហាមប្រើប្រាស់អាវុធ ផ្ទុយទៅវិញបែជាធ្វើបាតុកម្ម ទាមទារសិទ្ធិប្រើប្រាស់ ប្រឆាំងនិងច្បាប់គ្រប់គ្រងកាំភ្លើងទៅវិញ។
នៅពេលនេះក្រុមជនជាតិស្បែកសបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខអគាររដ្ឋាភិបាលរដ្ឋ Virginia ស្តីពីសិទ្ធិនៅក្នុងការប្រើប្រាស់កាំភ្លើង។ ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម នៅថ្ងៃទី២១ខែមករានេះ ដើម្បីប្រឆាំងគម្រោងចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ដែលបានរៀបចំឡើងដោយគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋនេះ ។
ពលរដ្ឋនៅក្នុងតំបន់បានលើកឡើងថា កាំភ្លើងបានផ្សាភ្ជាប់ជាមួយជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ជាប្រពៃណីតាំងពីទឹកដីអាមេរិក បានកកើមមកម៉្លេះ។ ការហាមឃាត់ ប្រើប្រាស់កាំភ្លើងគឺដើរផ្ទុយពីឆន្ទះរបស់ពលរដ្ឋ។
តាមតួលេខពីកម្លាំងសន្តិសុខបានបញ្ជាក់ថា មានពលរដ្ឋប្រមាណ២២ពាននាក់ ចូលរួមធ្វើបាតុកម្ម ប៉ុន្តែបាតុកម្ម ធ្វើឡើងដោយសន្តិភាព មិនមានហិង្សាកើតឡើងនោះឡើយ។ អភិបាលរដ្ឋ លោក Ralph Northam មកពីគណបក្សប្រជាធិបតេយ្យ បានលើកឡើងថាបាតុកម្មបានបញ្ចប់ដោយសន្តិភាព។ លោកសន្យាថានឹងស្តាប់តាមការចង់បានរបស់ពលរដ្ឋក្នុងរដ្ឋ Virginia ហើយធ្វើគ្រប់យ៉ាងដើម្បីសុវត្ថិភាព និងក្តីសុខរបស់ពលរដ្ឋ។
តំណាងរាស្ត្របក្សប្រជាធិបតេយ្យ នៅក្នុងរដ្ឋ Virginia បានលើកឡើងថាការធ្វើបាតុកម្មនោះមិនប៉ះពាល់ដល់គម្រោង គ្រប់គ្រង់កាំភ្លើងនោះឡើយ ដោយការគ្រប់គ្រងផ្តោតទៅលើប្រវត្តរូប។
ការធ្វើបាតុកម្មខាងលើបង្ហាញឲ្យឃើញថាបើទោះបីមានការបាញ់ប្រហារកើតឡើងស្ទើតែរាល់ថ្ងៃនៅអាមេរិកក្តី តែការប្រើប្រាស់កាំភ្លើងគឺជាទម្លាប់របស់ពលរដ្ឋទៅហើយ មិនអាចខ្វះបាននៅអាមេរិក៕
ដោយ៖ មែវ សាធី