កម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ខាងមុខ ដោយគ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០ នាក់ ដើម្បីបង្កើនសេចក្តីស្រឡាញ់​ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជា ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ី​ នៅកម្ពុជានិយាយជារួម​ និងជាពិសេសនៅតំបន់ព្រៃឡង់។ នេះជាការថ្លែងឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ។ លោកក៏បានថ្លែងថា ៖ «ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។

បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ​ ជីវ:ចម្រុះ​ និងសេវាកម្មប្រព័ន្ធអេកូឡូស៉ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។ លោកបានថ្លែង ថា៖«គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន​ និងពិធីបំបួសដើមឈើនេះគឺដេីម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ​ ជាពិសេសយុវជន និងដេីម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»។ លោកថ្លែងថា​ ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់គិតគូរលើការការពារ​ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។

គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិជាផ្លូវការដោយក្រសួងបរិស្ថាននេះ គឺធ្វេីឡេីងក្នុងបំណងបង្កើនការ ចូលរួមគ្រប់គ្រង​ និងប្រេីប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​។ លោកបានថ្លែងថា៖ «ការរៀបចំបង្កេីតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលេីការគ្រប់គ្រងតំបន់ការពារធម្មជាតិ​ ក៏ដូចជាដេីម្បីអនុញ្ញាតឱ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រេីប្រាស់និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print