ភ្នំពេញ៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែលលោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានផ្តល់គោរមងារជា «សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពផ្ញើជូននូវសារលិខិតអបអរសាទរដែលមានខ្លឹមសារថា «ក្នុងនាមសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាបឋម នាងខ្ញុំ សូមសម្តែងនូវសមានចិត្តអបអរសាទរប្រកបដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការជូនចំពោះ សម្តេច ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ស្តេចសព្វព្រះហឫទ័យប្រោសព្រះរាជទាននូវគោរមងារជា “សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន” នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះ។
ក្នុងវរោកាសប្រកបដោយសិរីសួស្តីជ័យមង្គលមហាប្រសើរនេះផងដែរ នាងខ្ញុំ ព្រមទាំងសហការី នៃកាកបាទក្រហមកម្ពុជា សូមថ្លែងនូវការគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេច ដែលជានិច្ចកាលតែងលះបង់កំលាំងកាយ ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងធំធេងបំរើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ បរិច្ចាគទ្រព្យសម្បត្តិដោយសទ្ធាជ្រះថ្លាបរិសុទ្ធដើម្បីកសាងអភិវឌ្ឍសង្គមជាតិ និងជាពិសេសបំផុតក្នុងនាមឧត្តមភរិយា ប្រកបដោយសង្គហធម៌ដ៏ជ្រាលជ្រៅនិងខ្ជាប់ខ្ជួន សម្តេចតែងរួមដំណើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្ថាបនាសមិទ្ធផលនានាបូជាថ្វាយចំពោះព្រះពុទ្ធសាសនា ក្នុងវិស័យពុទ្ធចក្រ ព្រមទាំងអាណាចក្រដោយសប្បុរសធម៌ និងមនុស្សធម៌ដ៏ខ្ពង់ខ្ពស់វិសេសវិសាលក្រៃលែងទៀតផង។
ទន្ទឹមនឹងមហាកិត្តិយស និងមោទនភាពដ៏ថ្លៃថ្លានេះ ជាថ្មីម្តងទៀត នាងខ្ញុំ ព្រមទាំងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមវន្ទាឧទ្ទិសដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកជាអាទិ៍ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមលោកបន្តអភិបាលគ្រងរក្សាប្រោះព្រំពរជ័យជូន សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និង សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងបុត្រាបុត្រី ចៅ ចៅទួត ជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខ្លឹមសារទាំងស្រុងនៃសារលិខិតអបអរសាទររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូន សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖