ខេត្តកណ្តាល៖ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ៖ មិនគួរសោះ និងសែនសោកស្តាយ សប្បាយក្លាយជាទុក្ខ ខណៈមានករណីលិចទូកម៉ាស៊ីន ដែលដឹកលើសចំណុះ បណ្តាលឲ្យបាត់ខ្លួនស្រីស្រស់ស្អាត២នាក់ ពេលពួកគេជាង១០នាក់បានជិះទូកលេងបម្រុងឆ្លងទៅលេងកោះស្នេហា ។
ករណីនេះបាន កើតហេតុថ្ងៃទី២៦ មករា ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្នុងទន្លេមេគង្គស្ថិតនៅក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
នគរបាលស្រុកមុខកំពូល បានបញ្ជាក់ថា ៖ ទូកជាកម្មសិទ្ធិរបស់ឈ្មោះសន សយ ភេទ ប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិកើតហេតុ។
សភាពនៃរឿងហេតុនេះថា៖ នៅថ្ងៃកើតហេតុខាងលើ មានមនុស្សមួយក្រុមមានគ្នាប្រហែលជាង១០នាក់ បានជិះទូកលេងបម្រុងឆ្លងទៅលេងកោះស្នេហា ប៉ុន្តែជិះចេញបានប្រហែល១០ម៉ែត្រ ទូកក៏បានលិចទៅ បណ្ដាលបាត់មនុស្ស២នាក់ គឺ១.ឈ្មោះយឿន ស្រីពេជ្រ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះស្រី ណា អាយុ១៨ឆ្នាំ មានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មនុស្សទាំង២នាក់ដែលបាត់ខ្លូន និងទូក មិនទាន់រកឃើញនៅឡើយទេ។ មូលហេតុ នៃហេតុការណ៍នេះ គឺបណ្ដាលមកពីជិះលើសចំណុះ ៕
ដោយ៖ ស្អាងជ័យ