ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវលទ្ធផលស្នាដៃ និងសំភារៈកងទ័ពគួរឲ្យកត់សម្គាល់ និងមោទនភាពជូនអង្គភាព

ចែករំលែក៖

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានប្រារព្ធពិធី បិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី មន្ត្រីរាជការ ដែលជាថ្នាក់ដឹកនាំ តាមបណ្តាកងឯកភាព ស្ថាប័ន មន្ទីរ ខណ្ឌ ជុំវិញរាជធានីភ្នំពេញយ៉ាងច្រើនកុះករ។
តាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី០៦/១២/២០១៨ ដល់ ថ្ងៃទី០៥/១២/២០១៩ បទល្មើសកើតឡើងក្នុងរាជធានីភ្នំពេញ ដែលអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និងកត់ត្រាបាន សរុបមានចំនួន៦៥២លើក ក្នុងនោះ ម្ចាស់ការបង្ក្រាប សរុបបានចំនួន ៤៨៦លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ១,២០៣នាក់ (បញ្ជូនទៅតុលាការចំនួន ១,០៩៥នាក់, ប្រគល់ឲ្យអង្គភាពពាក់ព័ន្ធចំនួន២៦នាក់ និង បានអប់រំឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញចំនួន ៨២នាក់)។
លោកបន្តថា៖ ចាប់យកវត្ថុតាង រួមមាន៖ អាវុធខ្លីចំនួន ១៦ដើម, រថយន្ត ចំនួន១៦គ្រឿង, ម៉ូតូចំនួន ៣៦៤គ្រឿង និងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនទឹកកក សរុបចំនួន ១,៣៥៩កញ្ចប់ (ស្មើនឹង ៤ គីឡូក្រាម ២៦៥.៧៦ ក្រាម) ព្រមទាំងថ្នាំញៀនប្រភេទចម្រុះមួយចំនួនទៀត។
សូមបញ្ជាក់ថា៖ ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវលទ្ធផលស្នាដៃ និងសំភារៈកងទ័ពគួរឲ្យកត់សម្គាល់ បម្រើអោយ ការការពារសន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ ម៉ោង។ អរគុណសន្តិភាព ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print