ភ្នំពេញ៖ ក្រសួងព័ត៌មាន ចេញព្រមានអ្នកដែលផ្សាយខុសពីរឿងជំងឺរលាកសួតថ្មី កូរ៉ូណា វីរុស បើមិនកែ ត្រូវចាត់ការតាមច្បាប់! បន្ទាប់ពីមានព័ត៍មាន បំភ្លើស បំប៉ោង បំពុលសង្គម និងការ Live របស់លោក KO1គ្មានការពិត។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយព្រមានដល់អ្នកដែលផ្សាយខុសពីរឿងជំងឺរលាកសួតថ្មី កូរ៉ូណា វីរុស ហើយមិនកែតម្រូវ នឹងត្រូវចាត់ការតាមច្បាប់។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បង្ហាញថា ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាន មិនពិតអំពីការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ( 2019-nCoV ) តាមរយៈប្រព័ន្ធផ្សព្វផ្សាយ គណនី/ទំព័រហ្វេសប៊ុក ( Account / Facebook Page ) ក្នុងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើឱ្យមានការភាន់ច្រឡំ និងបង្កឱ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ។
ដូច្នេះដើម្បីស្វែងយល់ និងទទួលបានព័ត៌មានពិតអំពីបញ្ហាជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី ( 2019-nCoV ) អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមអំពាវនាវដល់សាធារណជនទាំងអស់ តាមដានព័ត៌មាននៅក្នុងគេហទំព័រ ឬទំព័រហ្វេសប៊ុក ( Facebook Page ) ផ្លូវការរបស់ក្រសួងសុខាភិបាល ឬគេហទំព័រ ឬទំព័រហ្វេសប៊ុក ( Facebook Page ) ផ្ឡូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ ឬទំព័រហ្វេសប៊ុក ( Facebook Page ) ផ្លូវការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ចំពោះស្ថាប័ន អង្គភាពសារព័ត៌មាន ក៏ត្រូវបានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ននៅក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីការឆ្លងរីករាលដាលជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ( 2019-nCoV ) ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយ និងត្រូវធ្វើការកែតម្រូវឲ្យបានទាន់ពេលវេលានូវរាល់ព័ត៌មាន ដែលខ្លួនបានផ្សព្វផ្សាយ មិនត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់ អាចឈានទៅដល់មានភាពចលាចលក្នុងសង្គម។
ក្រសួងព័ត៌មាន បានព្រមានថា «ជនណា ដែលផ្សព្វផ្សាយព័ត៌មាន ឬចែកផ្សាយបន្ត ( Share ) នូវព័ត៌មានមិនពិត ឬអង្គភាពសារព័ត៌មាន ដែលមិនព្រមកែតម្រូវនូវការផ្សាយព័ត៌មានមិនពិត នឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន»។ ការរឹតបន្តឹងលើវិស័យព័ត៍មាន ការទទួលខុសត្រូវលើ Facebook អាចកាត់បន្ថយ នឹងបន្សាបព័ត៍មានក្លែងក្លាយ ដែលមានអ្នកលេង អ្នកផ្សពផ្សាយខ្លះគ្មានវិជ្ជាជីវៈ ៕
ដោយ៖ សហការី