ភ្នំពេញ៖ ការ Live ព័ត៍មាន មិនមានវិជ្ជាជីវៈ គ្មានការពិត គឺស្មើនឹងមានចេតនាបំពុលសង្គម នឹងប្រឈមការទទួលខុសត្រូវតាមផ្លូវច្បាប់។ ជាក់ស្តែង
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រសួងព័ត៌មាន បានបញ្ជាឱ្យលោក K01 អ្នកលេងហ្វេសប៊ុក (Facebook)ផ្សាយ live និយាយរត់មាត់ តាមទំនើងចិត្តនឹកឃើញនោះ គឺ
សុំទោសជាសាធារណៈ ចំពោះកំហុស ដែលលោកបានទៅផ្សាយផ្ទាល់មុខមន្ទីរពេទ្យរុស្ស៊ី ពាក់ព័ន្ធនឹងជំងឺរលាកសួតថ្មី បង្កដោយវីរុស កូរ៉ូណា ប្រភេទថ្មី កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ បន្ទាប់មកនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានមណ្ឌលព័ត៌មានរបស់ក្រសួងព័ត៌មាន នឹងហៅអ្នកលេងហ្វេសប៊ុក K01 មកធ្វើការណែនាំ នៅទីស្តីការក្រសួងផ្ទាល់តែម្តង។ នេះបើតាមប្រភពពីក្រសួងព័ត៌មាន ដើម្បីរឹតបន្តឹងអោយអ្នកលេង Facebook. អ្នកផ្សពផ្សាយព័ត៍មាន មានវិជ្ជាជីវៈ។
ចំណាត់ការរបស់ក្រសួងព័ត៌មាននេះ បានធ្វើឡើង បន្ទាប់ពីអ្នកលេងហ្វេសប៊ុក K01 បានទៅផ្សាយផ្ទាល់តាមហ្វេសប៊ុក នៅមុខក្លោងទ្វារមន្ទីររុស្ស៊ី ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ថានៅមន្ទីរពេទ្យរុស្ស៊ី មានអ្នកជំងឺរលាកសួតថ្មី កូរ៉ូណា វីរុស។ ព័ត៍មាននេះ ជាការ Live ខុសការពិត ទោះជាមានអ្នក ចូលមើលច្រើន មានឡាចច្រើន មានស៊ែរច្រើន Comment ច្រើនក្នុងប្រយោជន៍បុគ្គលរបស់ខ្លួន ក៏ដោយ ក៏ប៉ុន្តែប្រធានមន្ទីរពេទ្យរុស្ស៊ី បានប្រកាសបដិសេធភ្លាមៗ នឹងការផ្សាយតាមហ្វេសប៊ុកដូច្នេះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានស្នើដល់អាជ្ញាធរសមត្ថកិច្ច ចាត់វិធានការចំពោះការផ្សាយព័ត៌មានមិនពិតដូច្នេះ។
ក្រោយសន្និសីទកាសែត នៅមន្ទីររុស្ស៊ី កាលពីរសៀលថ្ងៃទី២៩មករានេះ លោក K01 បាន Live តាមហ្វេសប៊ុកម្តងទៀត ហើយសុំទោសជាសាធារណៈចំពោះការផ្សាយផ្ទាល់របស់លោក កាលពីពេលព្រឹក នៅមុខមន្ទីរពេទ្យរុស្ស៊ី។ ខ្លីបវិដេអូ ផ្សាយផ្ទាល់ កាលពីព្រឹក ដែលលោក K01 ពាក់អាវភ្លៀង ស្រោមដៃ មួក និងម៉ាស់នោះ ក៏ត្រូវបានលុបចេញពីហ្វេសប៊ុករបស់លោកផងដែរ។
សូមបញ្ជាក់ថា៖ ការ Live គ្មានវិជ្ជាជីវៈនេះ ធ្វើអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងភិតភ័យ រហូតដល់មានមតិរិៈគន់ច្រើនលើកឡើងថា៖ គេមិនខ្លាចទេបញ្ហាជម្ងឺរលាកដង្ហើមវីរុសកូរ៉ូណា ដោយសាររាជរដ្ឋាភិបាល ,ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់តាមដាន ទប់ស្កាត់ ការពារ ប៉ុន្តែអ្វីដែលខ្លាចបំផុត ក្រុមផ្សាយបំពុលសង្គម ៕
ដោយ៖ សិលា