ខេត្តព្រៃវែង៖ កាស៊ីណូអត់ច្បាប់មួយកន្លែង ដែលស្ថិតក្នុងភូមិមុខព្រះ ឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង បាននិងកំពុងបើកឲ្យពលរដ្ឋខ្មែរ និងវៀតណាមចូលលេងល្បែងប្រជល់មាន់យ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរ សមត្ថកិច្ចណាម្នាក់ចេញមុខមកសួរនាំ ឬចាត់វិធានការបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកោះសំពៅ បានរិះគន់ថា កាស៊ីណូខាងលើបាននិងកំពុងពង្វក់ពលរដ្ឋខ្មែរឲ្យចូលលេងល្បែងប្រជល់មាន់យ៉ាងឈ្លក់វង្វេង ហើយគេឧស្សាហ៍ឃើញអ្នកចូលទៅលេងចាញ់ នៅពេលត្រឡប់មកផ្ទះវិញគឺបង្កជម្លោះក្នុងគ្រួសារ និងមានពេលខ្លះបានប្រើអំពើហិង្សាក្នុងគ្រួសារថែមទៀតផង។
ប្រភពដដែលបានបញ្ចាក់ទៀតថា បើទោះជាយ៉ាងនេះក្ដី ក៏រហូតមកទល់ពេលនេះ គេមិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចណា ដែលចេញមុខចាត់វិធានការទប់ស្កាត់ ទង្វើដ៏គឃ្លើននឹងច្បាប់របស់ ម្ចាស់ទីតាំងកាស៊ីណូនេះទេ។
កាស៊ីណូនេះ ឈ្មោះ កោះស្កូកាស៊ីណូក្លិប ដែលប្រភពបានទម្លាយឲ្យដឹងថា កាស៊ីណូនេះគ្មានអាជ្ញាប័ណ្ណនោះទេគឺមានតែស.ជ.ណពីទីស្ដីការ គណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះ មិនមានច្បាប់ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ ហើយម្ចាស់កាស៊ីណូខាងលើគឺជាលោកជំទាវដ៏មានឥទ្ធិពលម្នាក់នៅ ក្រសួងមហាផ្ទៃ ។
ដោយឡែកតាមប្រភពពីមេការកាស៊ីណូម្នាក់សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កាស៊ីណូនេះ គឺមានច្បាប់ត្រឹមត្រូវ។ លើសពីនេះទៀត ទីតាំងនេះមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅចូលលេងនោះទ គឺអនុញ្ញាតឱ្យតែមន្ដ្រី ឬជនអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះទើបអាចចូលលេងបាន ៕
ដោយ៖ សហការី