ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋឃុំកណ្តោកចោទប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលថា ធ្មេចភ្នែកបើកដៃឲ្យក្រុមឈ្មួញដឹកដី ជីករណ្ដៅយកអាចម៍ដីដ៍សែនជ្រៅ ខុសផ្ទុយពីលក្ខណៈបច្ចេកទេស នៅក្នុងភូមិស្រីស្នំ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ។
ប្រជាពលរដ្ឋនិយាយថា ក្នុងមួយថ្ងៃៗរថយន្តធំៗបានដឹកដីចេញពីរណ្ដៅដ៍ជ្រៅសន្លឹមនោះ រាប់រយជើងដោយពុំមានគម្របអ្វីឡើយ ធ្វើឲ្យធុលីដីហុយខ្មូលខ្មាញ់ និង ដីជ្រុះរាយប៉ាយពេញផ្លូវ ។ ហើយអ្វីដែលជាការព្រួយបារម្ភបំផុតនោះ គឺរណ្ដៅដីដ៍សែនជ្រៅដែលអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សសត្វ និង ការបាក់ទាញដីភូមិរបស់ពួកគាត់ ។ ប៉ុន្តែបើទោះជាដូច្នេះក្ដីគេមិនដែលឃើញមន្ត្រីជំនាញពីមន្ទីររ៉ែ និង ថាមពលខេត្តកណ្ដាល ចុះមកត្រួតពិនិត្យឡើយ ។
តាមសេចក្ដីរាយការណ៍ថា ម្ចាស់រណ្ដៅដីនេះមានឈ្មោះ ឌីន ហើយអាចម៍ដីទាំងអស់ត្រូវបានគេដឹកយកទៅចាក់នៅក្នុងការដ្ឋានសំណង់ដ៍ ធំមួយរបស់ឧញ៉ាដីធ្លីម្នាក់ឈ្មោះ នួន រិទ្ធី ដែលមានទីតាំងនៅជិតស្ពានព្រែកហូរ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធរណ្ដៅដី ក្រសួងរ៉ែ និង ថាមពល បានសម្រេចអនុញ្ញាតិឲ្យជីកត្រឹមតែជម្រៅពី៣ទៅ៥ ម៉ែត្រប៉ុណ្ណោះ , ប៉ុន្តែជាទូទៅគេកត់សម្គាល់ឃើញថា ដោយការធ្វេសប្រហេសរបស់មន្ត្រីជំនាញ និង អំពើពុករលួយ បានបង្ករឲ្យមានការជីករណ្ដៅដីយ៉ាងអនាធិបតេយ្យ ខ្លះរហូតដល់២០-៣០ ម៉ែត្រក៍មាន ដែលបានក្ដាយជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និង អ្នករស់នៅក្បែរៗរណ្ដៅដីនោះ ។
ពាក់ព័ន្ធបញ្ហាខាងលើលោក ចក់ គង់ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តកណ្ដាល បានថ្លែង ថា លោក មិនអាចពន្យល់រឿងនេះតាមទូរស័ព្ទបានទេ ដោយស្នើរសុំឲ្យអ្នកសារព័ត៌មានជួបនៅការិយាល័យ ។ ចំណែកលោក បូ ណារ៉េត អភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងថា កំពុងជាប់រវល់ ។
ចម្លើយរបស់លោក ចក់ គង់ ត្រូវគេមើលឃើញថា មានអាថ៌កំបាំងអ្វីម្យ៉ាង ៕
ដោយ៖ ហេង សូរិយា