ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករាចាប់ឃាត់ខ្លួនក្មេងទំនើង៣នាក់ភ្លាមៗបន្ទាប់ពីក្រុមក្មេងទំនើង២ក្រុមមានគ្នាជាង២០នាក់ បានធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នានៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ។
បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការភ័យតក់ស្លុតយ៉ាងខ្លាំងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្មេងទំនើងទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១ុមានឈ្មោះ ច័ន្ទ ចៃយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅម្ដុំផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទី២មានឈ្មោះ ជាង មិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិតUet99 ស្នាក់នៅម្ដុំផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៣មានឈ្មោះ សុខ គា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរក្រឡុកស្រាស្នាក់នៅម្ដុំផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមក្មេងទំនើងទាំង២ក្រុម ដោយក្នុង១ក្រុមមានគ្នាជាង១០នាក់ ដោយក្រុមខ្លះជិះម៉ូតូ ខ្លះជិះរ៉ឺម៉កម៉ូតូកង់៣ បានមកដេញវាយ និងកាប់ចាក់គ្នាផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការភ័យតក់ស្លុតយ៉ាងខ្លាំង និងសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើអន្តរាគមន៍និងធ្វើការឃាត់ខ្លួនបានក្មេងទំនើង៣នាក់ភ្លាមៗ ក្រោយកើតហេតុសមត្ថកិច្ចក៏បាននាំយកក្មេងទំនើងទាំង៣នាក់នោះមកអធិការដ្ឋាននគបាលខណ្ឌ៧មករា។ ដើម្បីសាកសួរពីមូលហេតុដែលពួកគេដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមដងផ្លូវបែបនេះ ចំណែកមួយចំនួនទៀតបានរត់គេចខ្លួនបាត់សម្រោល ។
បច្ចប្បន្នក្មេងទំនើងទាំង៣នាក់នេះត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនមកចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
...
ដោយ៖ ស រស្មី