ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧មករាឆ្នាំ២០១៦នេះ សម្តេចហ៊ុនសែន និងសម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត បានចូលរួមក្នុងទិវារំលឹកខួបទី៣៧នៃទិវាជ័យជំនះ ៧មករា ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនរាប់ពាន់នាក់នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងខ័ណ្ឌចំការមនរាជធានីភ្នំពេញ ។
សម្ដេច តេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថានៅក្នុងអង្អមិទ្ទិញនេះថា នេះជាការរំលឹកនូវព្រឹត្តិការណ៍ បានផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជាតិបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់ពេលសព្វថ្ងៃនេះ។ ទោះបីជារយៈពេល ៣៧ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែរស់រវើកជានិច្ចក្នុងដូងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូបក៏ដូចជា មនុស្សជាតិដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌ទាំងអស់ លើពិភពលោក។
ការប្រារព្ធពិធីបុណ្យរំលឹកដល់ទិវាជ័យជំនះជាប្រវត្តិសាស្ត្រមួយនេះគឺក្នុងស្មារតីគោរពដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដ៏ច្រើនឥតគណនាដែលបានប្រយុទ្ធ និងពលីកម្មយ៉ាងអង់អាចក្លាហានបំផុតដើម្បីរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ ។ យើងទាំងអស់គ្នាសូមលំឱនកាយគោរពដួងវិញ្ណាណក្ខន្ធរបស់ប្រជាជន ជនរួមជាតិយើងជាងបីលាននាក់ដែលត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួង សូមឲ្យដួងព្រលឹងរបស់លោកអ្នកទាំនោះបានទៅកាន់សុគតិភពជារៀងរហូត។
សម្តេចបានបន្ថែមថា ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន កំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជាមួយក្តីសោមនស្សរីករាយក្រៃលែងចំពោះសមិទ្ធផល ដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារមោះមុតស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី។
ក្នុងនាមជា ប្រធានគណះបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្ត ក្នុងការដឹកនាំប្រទេសកម្ពុជាអោយមានការ រីកចម្រើនជាបន្តបន្ទាប់ទៀត ស្របទៅតាមយុទ្ឋសាស្ត្រចតុកោណរបស រាជរដ្ឋាភិបាល ជាពិសេសបន្តកំណែទម្រង់គ្រប់វិស័យដែលបានកំណត់ក្នុង យុទ្ឋសាស្ត្រចតុកោណ ដោយតាំងចិត្តខ្ពស់ និងខ្លាំងខ្លា ដើម្បីលើកកំពស់ និងអភិបាលកិច្ចល្អរបស់ស្ថាប័ន និងគ្រប់ផ្នែក ព្រមទាំងផ្ដល់សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងគុណភាព សំរាប់ការរស់នៅរបស់ប្រជាជន ។
នាចុងបញ្ចប់ សម្ដេច តេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញទទួលកន្ត្រកផ្កាអបអរសាទ ពីបណ្ដាស្ថាប័នផ្សេងៗនិង ពីភ្ញៀវជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ព្រមទាំងបានធ្វើពីធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោង ក្នុងបរិយាកាសរីករាយក្រៃលែង ៕