ឈ្មួញសប្បាយកើបលុយ មកទឹកភ្នែកប្រជាពលរដ្ឋខ្លាចបាក់ច្រាំងដល់ស្រែដោយការឃុបឃិតគ្នាបូមខ្សាច់

ចែករំលែក៖

ខេត្តកណ្តាល ៖ ឈ្មួញកំពុងសប្បាយនឹងកើបលុយ ឯប្រជាពលរដ្ឋកំពុងព្រួយបារម្ភទាំងទឹកភ្នែក ខណៈដែលឈ្មួញឃុបឃិតនឹងមន្រ្តីពាក់ព័ន្ធក្នុងការបូមខ្សាច់នៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកណ្តាលស្ទឹង ខេត្តកណ្តាលយកទៅលក់យ៉ាងត្រជាក់ចិត្ត។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងមូលដ្ឋាន ពួកគាត់មានឈ្មួញធ្វើសកម្មភាពបូមខ្សាច់និងដឹកជញ្ជូនខ្សាច់យ៉ាងអនាធិបតេយ្យធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ចំណែកប្រភពពីមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តកណ្តាលមួយចំនួនវិញបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែនិងថាមពលស្រុកកណ្តាលស្ទឹង ក៏ដូចជាពីសំណាក់លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ទេនោះ គឺឈ្មួញមិនអាចធ្វើសកម្មភាពបូមខ្សាច់ក្នុងភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង តាមអំពើចិត្តបានឡើយ។ ទាំងនេះទាល់តែមានការឃុបឃិតបើកដៃពីលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ដែលល្បីល្បាញខាងស្ពាយត្រាជាប់ខ្លួននិងមន្ត្រីក្រោមឱវាទនៅស្រុកកណ្តាលស្ទឹង ទើបអាជីវកម្មបូមខ្សាច់អាចប្រព្រឹត្តទៅដោយរលូនយ៉ាងនេះ។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើបានបញ្ជាក់ថារហូតមកដល់ពេលនេះ មិនទាន់ឃើញមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជាមន្ត្រីជំនាញថ្នាក់ស្រុក ថ្នាក់ខេត្តចុះត្រួតពិនិត្យអាជីវកម្មបូមខ្សាច់នោះនៅឡើយទេ ខណៈដែលគេសង្ស័យថាការដ្ឋានបូមខ្សាច់មួយនេះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយសារឈ្មួញឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញទៅហើយនោះ ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល​ ពិនិត្យឡើងវិញជាបន្ទាន់ទៅលើអាជីវកម្មបូមខ្សាច់ក្នុងភូមិទ្រា ស្រុកកណ្តាលស្ទឹង ព្រោះឈ្មួញកំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងប៉ះពាល់បរិស្ថានធម្មជាតិផងដែរ។

ប្រជាពលរដ្ឋបាននិយាយឲ្យដឹងទៀតថា អាជីវកម្មបូមខ្សាច់ក្នុងមូលដ្ឋានខាងលើនេះកំពុងធ្វើឲ្យបាក់ច្រាំងស្ទឹង ហើយការដឹកជញ្ជូនខ្សាច់ដោយប្រើប្រាស់រថយន្តធំៗកំពុកធ្វើឲ្យផ្លូវក្នុងមូលដ្ឋានត្រូវខូចជាបន្តបន្ទាប់ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើងៗ។
ចំណែកលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិង ថាមពលខេត្តកណ្តាល ក៏ដូចជាប្រធានការិយាល័យរ៉ែនិងថាមពលស្រុកកណ្តាលស្ទឹង កំពុងសប្បាយប្រមូល លុយពីអាជីវកម្មបូមខ្សាច់ អាជីវកម្មរណ្តៅដីចែកគ្នាធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត។
ទាគ់ទិនការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ពីលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាលបានទេកាលពីរសៀលម្សិលមិញនេះ ដោយគ្មានលេខទូរស័ព្ទ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print