ភ្នំពេញ៖ កម្មវិធីបោះតង់បរិស្ថានក្រោមប្រធានបទ « ថ្ងៃនៃក្តីស្រឡាញ់៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» Valentine’s Prey Lang នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០
តំណាងរាស្ត្រ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានសរុបចំនួន ប្រមាណ ៥០០ នាក់នឹងចូលរួមកម្មវិធីបោះតង់នៅថ្ងៃទី១៤ និង១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខ នៅទីស្នាក់ការព្រះអាទិត្យនៃដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំ។ រៀបចំឡើងដោយក្រសួងបរិស្ថាន កម្មវិធីបោះតង់នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះធ្វើឡើងក្រោមប្រធានបទ« ថ្ងៃនៃក្តីស្រឡាញ់ ៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» ឬហៅថា Valentine’s Prey Lang ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជានិយាយជារួម និងជាពិសេសនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ នេះជាការថ្លែងឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ លោកបានថ្លែងថា ៖ «ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៉ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។ លោកបានថ្លែង ថា៖«គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដើម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»។ លោកថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់គិតគូរលើការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។
គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដើម្បីអនុញ្ញាតឱ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រើប្រាស់និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក។ ក្រុមការងារបច្ចេកទេសក៏បាននិងកំពុងសិក្សាបន្ថែមលើទិន្នន័យការបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ហើយជាមួយវិធានការ និងការពារបានល្អប្រសើរ កម្ពុជារំពឹងថានឹងអាច លក់ឥណទានកាបូនក្នុងពេលឆាប់ៗពីដែនជម្រកសត្វព្រៃព្រៃឡង់។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កាលដែលកម្ពុជាអាចលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបាន នេះគឺបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការការពារនិងអភិរក្សដ៏ប្រសើរលើធនធានធម្មជាតិ ព្រៃឈើដែលមាន និងបង្កើនទំនុកចិត្តកាន់តែខ្លាំងថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព បទល្មើសធនធានធម្មជាតិ ទាំងឡាយត្រូវបានបង្ក្រាបទាន់ពេលវេលា។ គួរបញ្ជាក់ថាប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានារួមនឹងប្រជាសហគមន៍ដែលបានចូល រួមការពារនិងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បី ការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាប្រឹងការពារឱ្យមាន ប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បីរក្សាបានឈើឈរ និងលក់ឥណទានកាបូន។ លោក នេត្រ ភក្ត្រា បានថ្លែងថា នៅពេលនេះ កម្ពុជាអាចធ្វើបានហើយ និងកំពុងបោះមួយជំហានទៀតក្នុងការធ្វើការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត និងមានលទ្ធភាពគិតគូរបន្ថែមលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានរួមទាំងក្រុមគ្រួសារមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍៕
ដោយ៖ សហការី