ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ សៅ សៀប មេបញ្ជាការរងកងរថក្រោះកើតមានជម្លោះដីធ្លីជាមួយស្ត្រីម្នាក់ ហើយបានដកកាំភ្លើងខ្លីបាញ់ចំនួន៣គ្រាប់គំរាម ដោយហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះដល់ជនណាម្នាក់ឡើយ ។
លោកឧត្តមសេនីយ៍ សោម បូរ៉ា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា ពិតជាមានករណីផ្ទុះអាវុធមែន ពីសំណាក់មន្ត្រីយោធា ហើយនៅពេលនេះកម្លាំងរបស់លោក និងអង្គភាពរបស់គេ កំពុងសហការស្រាវជ្រាវចាត់ការតាមនីតិវិធី។
លោកបញ្ជាក់ថា ដើមហេតុដែលបណ្តាល ឲ្យលោកផ្កាយ២ ផ្ទុះអាវុធចំនួន៣គ្រាប់នោះ គោលបំណងដើម្បីគំរាមស្ត្រីម្នាក់ ជាឈ្មួញរកស៊ីលក់ទិញដីឈ្មោះ កាំង ប៊ុនជីង ដែលជាអ្នកទិញដីពីលោកផ្កាយ២នោះ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍រូបនេះ បានលក់ដីចំនួន១០ហិកតាទៅឲ្យឈ្មោះ កាំង ប៊ុនជីង ហើយបន្ទាប់ពីលក់រួចមិនយូរប៉ុន្មានលោកផ្កាយ២ បានសុំម្ចាស់ដីដោះដូរទីតាំងថ្មី ដោយឲ្យទៅយកនៅកន្លែងផ្សេង។ពេលនោះស្ត្រីជាម្ចាស់ដី ក៏យល់ព្រមដោយសារស្គាល់លោកផ្កាយ២ លុះពេលទៅយកដីនៅកន្លែងផ្សេង លោកផ្កាយ២រូបនោះ បានឲ្យដីតែ៦ហិកតាប៉ុណ្ណោះ។ តែស្ត្រីរូបនេះមិនទទួលយកព្រោះវាមិនគ្រប់ចំនួនធ្វើឲ្យមាន ជម្លោះកើតឡើងបង្កទៅជារឿធំ បានធ្វើឲ្យលោកផ្កាយ២រូបនោះ មានកំហឹងខ្លាំង បានទាញកាំភ្លើងខ្លីបាញ់គំរាមស្ត្រី កាំង ប៊ុនជីង ចំនួន៣គ្រាប់ បន្ទាប់ពីបាញ់ហើយ លោកផ្កាយ២រូបនោះបានជិះរថយន្ត គេចចេញពីន្លែងកើតហេតុបាត់ទៅ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវចាប់ខ្លួន លោកឧត្តមសេនីយ៍ទោរូបនេះមកសាកសួរនិងចាត់ការតាមនីតិវិធី ។ ទាក់ទិនករណីនេះនគរវត្តមិនអាចរកការពន្យល់ពីលោកឧត្តមសេនីយ៍ទោ សៅ សៀប បានទេ៕
ដោយ៖ សហការី