បើទោះបីមានការខិតខំប្រឹងប្រឹងពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូងយ៉ាងណាក្តី ប៉ុន្តែការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពលរដ្ឋបានចោទប្រកាន់រដ្ឋាភិបាលថា មិនមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព មិនគិតពីសុខទុក្ខពលរដ្ឋ ។
ពលរដ្ឋកូរ៉េខាងត្បូងរាប់សែននាក់បានចោទប្រកាន់ទោសប្រធានាធិបតី មូន ជេអ៊ីន ពីបទយឺតយ៉ាវនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន។ បច្ចុប្បន្នកូរ៉េខាងត្បូងមានករណីឆ្លង១.៣០០នាក់ និងស្លាប់១២នាក់ ។
តាមសារព័ត៌មាន Korea Herald បានផ្សាយថា នៅក្នុងលិខិត អេឡិចត្រូនិកលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតី មានអ្នកចុះហត្ថលេខាទាមទារចោទប្រកាន់ទោស ប្រធានាធិបតី មូន ជេអ៊ីន មានដល់ទៅ ៤សែននាក់ហើយ។
ការិយាល័យប្រធានាធិបតី ត្រូវតែមានចម្លើយផ្លូវការទៅលើលិខិតរបស់ពលរដ្ឋ ដែលមានការចុះហត្ថលេខាលើសពី ២សែននាក់ឡើង ក្នុងរយៈពេល១ខែ។ ពលរដ្ឋទាមទារចោទប្រកាន់ទោសដោយសារតែរដ្ឋាភិបាលកូរ៉េខាងត្បូង មិនបានហាមប្រាមពលរដ្ឋបរទេស ពិសេសពលរដ្ឋមកពីប្រទេសចិនដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។
នៅក្នុងលិខិតបញ្ជាក់ថា បើទោះបីកូរ៉េខាងត្បូងខ្វះម៉ាស់ការពារ ប៉ុន្តែ ប្រធានាធិបតីនៅតែផ្តល់ជំនួយម៉ាស់ដល់ទៅ៣លានដល់ចិន ហើយមិនមានវិធានការទប់ស្កាត់នៅក្នុងប្រទេសខ្លួននោះឡើយ បណ្តាលឲ្យមានពលរដ្ឋឆ្លងរាលដាលយ៉ាងច្រើនបែបនេះ៕