ភ្នំពេញ៖ បុរសជាជាងអគ្គិសនីម្នាក់ បានភ្លាត់ស្នៀតត្រូវចរន្ដអគ្គិសនីឆក់ធ្លាក់ពីលើផ្ទះបណ្ដាលឱ្យរងរបួសធ្ងន់ខណៈ ដែលកំពុងតភ្ជាប់បណ្ដាញចរន្ដអគ្គិសនី នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅ ជាន់ទី៣ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥និង២០នាទី ល្ងាច ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅ ចំណុចការដ្ឋានសំណង់អត់ច្បាប់មួយ កន្លែង ស្ថិតក្នុងភូមិត្នោតជ្រំ៣ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានឡើងទៅកាន់ ជាន់ទី៣នៃការដ្ឋានសំណង់នេះក្នុងគោលបំណងតភ្ជាប់បណ្ដាញអគ្គិសនី ប៉ុន្ដែ ទំនងជាគាត់ភ្លេចភ្លាំងនិងតខុសបច្ចេក ទេសទើបបណ្ដាលឱ្យឆក់តែម្ដង ។
ប្រភពដដែលបន្ដថា ក្រោយមកជន រងគ្រោះត្រូវបានប្រជាពលរដ្ឋជួយយក ទៅកប់ក្នុងដីខ្សាច់ហើយចាក់ទឹកស្រោចលើខ្លួនប្រាណរួចហើយក៏បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ផងដែរ ។
ប្រភពពីលោកអធិការនគរបាលខណ្ឌមានជ័យបានបញ្ជាក់ប្រាប់ឱ្យដឹងកាល ពីព្រឹកថ្ងៃទី៩មករាថា ជនរងគ្រោះមាន ឈ្មោះ ចក់ រ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ និងមានស្រុកកំណើតនៅខេត្ដព្រៃវែង ហើយបច្ចុប្បន្នស្នាក់នៅផ្ទះជួលមានមុខ របរជាជាងភ្លើងបម្រើការនៅក្នុងការ ដ្ឋានខាងលើ។
លោកអធិការនគរបាលខណ្ឌមាន ជ័យបន្ដថា ជនរងគ្រោះបានឆ្លងផុតពី ការស្លាប់ក្រោយធ្វើការសង្គ្រោះទាន់ ពេលវេលាហើយគ្រាន់តែមានរបួសបន្ដិចបន្ដួចត្រង់ពោះប៉ុណ្ណោះ ៕
ដោយ៖ តាឡឹម