លោក ហ៊ុន ម៉ានី៖ «យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា ជឿជាក់លើកម្ពុជា»

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានផ្ញើសារលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់គ្នានៅក្នុងគ្រានៃការតស៊ូទប់ទល់ការរីករាលដាលនៃមេរោគកូវីឌ១៩ យ៉ាងដូច្នេះថា៖ «ខ្ញុំដឹងថាអ្នករាល់គ្នាកំពុងតាមដានស្ថានការណ៍នៃការរាតត្បាតនៃជំងឺដែលបង្កដោយវីរុសកូវីឌ១៩ នៅទូទាំងពិភពលោក ហើយដែលកម្ពុជាក៏បានរងការប៉ះពាល់ផងដែរ។ ជាការពិត ក្នុងកាលៈទេសៈនេះ យើងម្នាក់ៗពិតជាព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារខ្លួន ដែលនេះជាអាទិភាពខ្ពស់បំផុតរបស់យើង។ សូមឱ្យបងប្អូនបន្តការយកចិត្តទុកដាក់បន្ថែមទៀត»។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺបានបន្តថា៖ «ទោះជាយ៉ាងណាក្តី យើងមិនគួរបណ្ដោយឱ្យបញ្ហានេះមកផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងនោះទេ ជាពិសេស ការបែរមកខ្លាចគ្នា និងឈានដល់ការរើសអើងគ្នា។ យើងជាជាតិសាសន៍ ដែលនឹងមិនធ្វើដូច្នេះឡើយ។
លោកបន្តថា៖ ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ ជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ឲ្យមានសុខភាពល្អ កម្លាំងកាយរឹងមាំ»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងជាពិសេសវេជ្ជបណ្ឌិតរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ជួយសង្គ្រោះដល់អ្នក ដែលបានឆ្លងជំងឺទាំងអស់គ្នា មិនថាជាខ្មែរ ឬបរទេសនោះទេ។
លោក ហ៊ុន ម៉ានី បញ្ចប់សារជាមួយក្តីសង្ឃឹមថា៖ «ជឿជាក់លើកម្ពុជា»។
សូមបញ្ជាក់ថា៖ នៅកម្ពុជាដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បើយោងតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣៥នាក់ ស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតជំនាញ ក្នុងនោះរាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានសមាសភាព២៦រូប និងអភិបាលរាជធានី-ខេត្តជាសមាជិក៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print