គេរាយការណ៍ថា ប្រជាពលរដ្ឋខ្មែរ វៀតណាម ដែលដឹកទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាក ត្រូវបង់លុយ២ម៉ឺនរៀលក្នុងម៉ូតូ១គ្រឿង ។ ការប្រកាសយកប្រាក់២ម៉ឺនរៀលចាប់ផ្តើមក្រោយពេលដែលលោក ណុប សារីម មកកាន់តំណែងជាប្រធាននគរបាលអន្តោប្រវេសន៍នៅច្រកទ្វារនេះ ។ ក្រៅពីនោះក៏មានការបង់ប្រាក់សេវាផ្សេងៗទៀត រួមទាំងការប្រថាប់ត្រាលើលិខិតឆ្លងដែនតម្លៃ៣០ដុល្លារនោះទៀត ។
គេរាយការណ៍ថា ប្រជាពលរដ្ឋមានការរអ៊ូរទាំក្រោយពេលដែលលោក ណុប សារីម មកកាន់តំណែងជាមេច្រកទ្វារអន្តរជាតិព្រែកចាកនេះ ។ ពេលមុន មិនមានការកំណត់ឲ្យបង់ប្រាក់ចំពោះម៉ូតូដែលឆ្លងកាត់ច្រកទ្វារនេះទេ ។ ប្រភពរាយការណ៍ថា ចំពោះរថយន្តដឹកមនុស្សឆ្លងដែន គឺមនុស្សម្នាក់តម្រូវឲ្យបង់១០ម៉ឺនដុង រីឯកាលមុនបង់តែ៥ម៉ឺនដុងប៉ុណ្ណោះ ។ នៅមានរឿងរ៉ាវផ្នែកសេដ្ឋកិច្ចច្រើនទៀត ដែលបង្កការថ្នាំងថ្នាក់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដែលមានរបររកស៊ីតិចតួចតាមព្រំដែន ។
ប្រភពបានរាយការណ៍ថា ចាប់តាំងពីលោក ណុប សារីម មកកាន់តំណែងជាមេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាកនោះមក មិនមែនតែប្រជាពលរដ្ឋនោះទេ ដែលមិនសប្បាយចិត្ត សូម្បីតែសមត្ថកិច្ចជំនាញផ្សេងៗប្រចាំការនៅច្រកទ្វារអន្តរជាតិមួយនេះ ក៏មិនសប្បាយចិត្តដែរ ។ មន្ត្រីគយ, កាំកុងត្រូល, នគរបាលសេដ្ឋកិច្ច… សុទ្ធតែនាំគ្នាដើរគ្រវីក្បាលចំពោះទង្វើរបស់លោក ណុប សារីម…៕