ភ្នំពេញ៖ កីឡាករ២នាក់បន្ថែមទៀត ហើយបានកក់កៅអីជុំទី២ពានរង្វាន់ TIFFY SUPER FIGHT រដូវកាលពីទី ២ជុំទី១ គឺកីឡាករ សេន កុសល មកពី ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្ដបាត់ ដំបង និងកីឡាករ ថន វាសនា មកពី ក្លិបនាគរាជមានជ័យកាលពីល្ងាចថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ នៅលើសង្វៀន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។
សេន កុសល ទទួលបាន៣ពិន្ទុបន្ទាប់ ពីវាយយកឈ្នះកីឡាករ ឯម សារ៉ាក់ មកពីក្លិឫទ្ធីពោធិ៍សែនជ័យដោយពិន្ទុ ។ ទិដ្ឋភាពប្រកួតរវាងអ្នកប្រដាល់ទាំង២ បានធ្វើឱ្យទស្សនិកជនជក់ចិត្ដខ្លាំងចាប់ពី ទឹកទី១រហូតដល់ទឹកទី៣ ក្នុងនោះកីឡាករ សេន កុសល ក៏បានវាយ ឯម សារ៉ាក់ ឱ្យដួលលើក្ដារេញហើយត្រូវអាជ្ញាកណ្ដាល រាប់ដល់៨ទៅលើ ឯម សារ៉ាក់ ក្នុងទឹក ទី២ ។
ទន្ទឹមនឹងកីឡាករ សេន កុសល កក់ កៅអីជុំទី២វគ្គ១៦នាក់បន្ដ អ្នកប្រដាល់ រូបនេះបានផ្ដាំផ្ញើទៅដល់អ្នកគាំទ្ររបស់ ខ្លួនថា សូមពុកម៉ែបងប្អូនជួយគាំទ្រខ្ញុំ បន្ដទៀត ហើយខ្ញុំនឹងព្យាយាមធ្វើឱ្យបាន ល្អនៅក្នុងវគ្គទី២នោះទៀត ។
ដោយឡែកកីឡាករ ថន វាសនា ដែលជាដៃគូប្រកួតជាមួយ សេន កុសល នៅជុំទី២ ក៏បានប្ដេជ្ញាចិត្ដចំពោះការ ប្រកួតនៅជុំទី២ដើម្បីកក់កៅអីទៅជុំទី៣ វគ្គ៨នាក់បន្ដទៀតផងដែរ ។ ការប្ដេជ្ញា ចិត្ដរបស់កីឡាករ ថន វាសនា ធ្វើឡើង បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករ តាំង សីហា មកពីក្លិបកងពលតូចលេខ ៧០ដោយពិន្ទុ ។
ចំពោះលទ្ធផលប្រកួតមួយកម្មវិធី ទៀត គឺវគ្គជម្រុះពូល A ដណ្ដើមពាន រង្វាន់អធិរាជស៊ីម៉ងត៍អូដ្ឋរដូវកាលទី២ ក្នុងនោះកីឡាករ ឌុម កែវដា មកពីក្លិប មកុដរាជសីហ៍បានប្រកួតចាញ់កីឡាករ សេក គឹមរួន មកពីក្លិបអង្គរមានជ័យ ខេត្ដសៀមរាបដោយពិន្ទុ ។ រីឯកីឡាករ ពេជ្រ ផាណុំ ត្រូវកីឡាករ ឆាយ មាស មកពីក្លិបសំរោងកោងកីឡាខេត្ដបាត់ ដំបងវាយឱ្យបោះបង់ការប្រកួតក្នុងទឹក ទី៤ ។
គួររំលឹកថា កីឡាករ ឌុម កែវដា និង សេក គឹមរួន ពួកគេត្រូវឡើងទៅរង់ចាំ ប្រកួតវគ្គខ្វែងពូលA និងB បន្ទាប់ពីពូល Bរកឃើញកីឡាករដែលមានពិន្ទុច្រើន ជាងគេ២នាក់រួចហើយនោះ ៕
ដោយ៖ សារីម