ខេត្តស្វាយរៀង៖ លោកអ៊ុច សារ៉ន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងទៅ នៅទូទាំងខេត្តស្វាយរៀងបានកើតឡើងគ្រោះថ្នាក់ចរាចរណ៍ចំនួន១៤៥លើក ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ២០១៤ មានការថយចុះ២៦លើក។
ប៉ុន្តែចំនួនអ្នកស្លាប់មានចំនួនច្រើនជាងឆ្នាំ២០១៤ ចំនួនអ្នកស្លាប់មាន៨៦នាក់ស្រី២៦នាក់ លើ៧២នាក់ អ្នករងរបួសធ្ងន់មានចំនួន១៥១នាក់ ថយចុះជាងឆ្នាំ២០១៤ ចំនួន៤៦នាក់ រងរបួសស្រាល២១២នាក់ ថយចុះ១០នាក់។ ខូចខាតរថយន្តធំចំនួន២០គ្រឿង រថយន្តតូច៣៤គ្រឿង គោយន្ត៥គ្រឿង ម៉ូតូចំនួន១៦៨គ្រឿង និងយានយន្តផ្សេងៗទៀត ។
ប្រភពបន្តថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅឆ្នាំ២០១៥កន្លងទៅនេះ ដោយសារតែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជា បើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង បត់ឆ្វេងមិនមើលក្រោយ បើកបរជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ហើយក្នុងស្រុកក្រុងដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺក្រុងបាវិត កើនឡើងចំនួន៤៤លើក និងក្រុងស្វាយរៀង២៣លើក។
លោកនាយការិយាល័យបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ពីស្ថានភាពទូទៅនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បានកើតឡើងតែមួយករណីនៅស្រុករមាសហែកប៉ុណ្ណោះ ហើយប្រជាពលរដ្ឋបានចូលរួមអនុវត្តច្បាប់ចរាចរណ៍បានប្រមាណ៩០ភាគរយហើយ ប៉ុន្តែបញ្ហាប្រឈមធំជាងគេនោះ គឺខេត្តស្វយរៀងមានម៉ូតូអត់ពន្ធច្រើន ។ បើតាមការជំរឿន តាំងពីឆ្នាំ២០០៩ ម៉ូតូអត់ពន្ធក្នុងខេត្តស្វាយរៀងមានចំនួន២៩.៣៤០គ្រឿង ហើយរហូតមកដល់ឆ្នាំ២០១៥ ម៉ូតូអត់ពន្ធនាំចូលក្នុងខេត្តស្វាយរៀង អាចមានចំនួនច្រើនជាងនេះ ៕
ដោយ៖ យឹម សុថាន