ខេត្តកំពង់ឆ្នាំង៖ បុគ្គលិកនៃមន្ទីរប្រៃសណីយ៍ខេត្តម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកអនុប្រធានភូមិប្អេរ ដែលកំពុងជិះម៉ូតូឌុបកូនក្នុងទិសដៅច្រាស់គ្នា បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ទី១.ឈ្មោះម៉ង់ ចាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅខេត្តតាកែវ បច្ចុប្បន្នជាមន្ត្រីនៃប្រៃសណីយ៍ទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ ជិះម៉ូតូម៉ាកហុដាសេ១២៥ ពាក់ស្លាកលេខកំពត 1C-8304 ។ ទី២.ឈ្មោះពេជ្រ សៅរតនា ភេទប្រុស អាយុ៣៩ឆ្នាំ និង ទី៣.ឈ្មោះពេជ្រ សុភ័ក្តិត្រា អាយុជាង១ឆ្នាំ ទាំងពីរនាក់ឪពុកកូននេះរងរបួសធ្ងន់រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១1A-8692 ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ អនុប្រធានភូមិបានជិះម៉ូតូឌុបកូនក្នុងទិសដៅពីកើតទៅលិចបើកក្នុងល្បឿនយឺត ស្រាប់តែនៅពេលដល់កន្លែងកើតហេតុ គេឃើញម៉ូតូមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ ជាមន្ត្រីនៃមន្ទីរប្រៃសណីយ៍ខេត្ត បើកបរទិសដៅច្រាស់គ្នាក្នុងស្ថានភាពស្រវឹងរេពេញផ្លូវបើកក្នុងល្បឿនយ៉ាងលឿន និងបានជ្រុលទៅបុកម៉ូតូរបស់លោកអនុប្រធានភូមិប្អេរ ពេញមួយទំហឹង បណ្តាលអោយក្មេងស្រីម្នាក់ដែលមានអាយុជាង១ឆ្នាំ ផ្លោងប៉ើងចេញពីម៉ូតូ ហើយឪពុកបានដួលសន្លប់ស្តូកស្តឹងនៅលើផ្លូវ ចំណែកបុរសដែលជាអ្នកបង្កបើកម៉ូតូបុកបានរងរបួសស្តូកស្តឹងផងដែរ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកមធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា