សិង្ហបុរី៖ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន៥៩៦ករណី នាំឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៥៨៨នាក់ ។ នេះយោងតាមក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសនៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ ។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី ការបញ្ជាក់លម្អិតពីករណីឆ្លងថ្មីទាំងអស់ខាងលើ និងការធ្វើបច្ចុប្បន្នភាពបន្ថែម នឹងត្រូវបានធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងមួយ នៅយប់ ថ្ងៃអាទិត្យនេះ។ សិង្ហបុរី ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាប្រទេសគំរូ ក្នុងការទប់ស្កាត់ COVID-19 បានពើបប្រទះករណីឆ្លង COVID-19 យ៉ាងគំហុគ នារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ បើទោះជាវិធានការរឹតត្បិតនៃ«គម្លាតសុវត្ថិភាព» កំពុងត្រូវបានអនុវត្តក៏ដោយ។ ជុំវិញ ការកើនឡើងករណីឆ្លងនេះដែរ អាជ្ញាធរសិង្ហបុរី យល់ថាដោយសារតែ ការឆ្លងជាចង្កោម មានជាប់ពាក់ព័ន្ធនឹងពលករបរទេស។
បច្ចុប្បន្ន សិង្ហបុរីមានអ្នកស្លាប់ដោយសារជំងឺ COVID-19 មានចំនួន១១នាក់ និងជាសះស្បើយ៧៤០នាក់ ៕
ដោយ៖ ស តារា