ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅម្តុំប្លុកបឹងកក់ក្រោយស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញបានឲ្យដឹងថាល្បែងអាប៉ោងនិងហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅម្តុំនោះដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចណាទៅបង្រ្កាបឡើយ។
ប្រជាពលរដ្ឋដែលមានប្តីនិងកូនរងផលប៉ះពាល់ពីបនល្បែងទាំងនោះបាននិយាថា ទីតាំងល្បែងអាប៉ោងមួយកន្លែងនេះបានបើកដំណើរការស្ទើរតែ១២ម៉ោងចាប់ពីព្រឹករហូតដល់ព្រលប់និងលេងចាញ់ឈ្នះម្នាក់ៗអស់រាប់សិបលានរៀល ។លើសពីនោះទៅទៀតមេបនល្បែងអាប៉ោងដុះស្លែនិងថៅកែហ្គេមបាញ់ត្រីនៅប្លុកនោះបានអះអាងថា ពួកគេបានរត់ការបង់លុយឲ្យអាជ្ញាធរមានសមត្ថកិច្ចពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋានអស់ហើយ ដូច្នេះគ្មានសមត្ថកិច្ចណាចុះបង្ក្រាបវង់ល្បែងរបស់គេបាននោះទេ ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាប្លុកនេះគឺសម្បុកល្បែងស៊ីសងនិងជាតំបន់ជួញដូរនិងប្រើប្រាស់គ្រឿងញៀនចាប់តាំងពីអធិការមុនៗមកម្ល៉េះ។ក្រោយពីផ្លាស់ប្តូរអធិការថ្មីល្បីថាខ្លាំងពូកែខាងបង្ក្រាបបទល្មើសគឺលោក ទៀង ចច័ន្ទសារជាអធិការនគរបាលខណ្ឌដូនពេញ នោះក៏តំបន់នេះនៅរក្សាប្រពៃណីចាស់ដៃដដែលពុំមានការបង្ក្រាបឡើយ ។
ចំណែកអ្នកចេញចូលទៅលេងបនល្បែងខាងលើនោះ បានអះអាងថាពួកគេមិនសូវខ្លាចញញើតសមត្ថកិច្ចទេ ព្រោះអ្នកបើកបនល្បែងស៊ីសងប៉ុន្មានកន្លែងនោះគេបានចេញមុខទទួលខុសត្រូវ ហើយថាពុំមានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបបនល្បែងរបស់គេទេ ព្រោះបានរត់ការជាមួយអ្នកប្រចាំមូលដ្ឋានអស់ហើយ ដូច្នេះសូមបងប្អូនលេងម៉ាសេរីនិងកុំមានការភិតភ័យឲ្យសោះ ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានសំណូមពរដល់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនិងលោកអធិការនគរបាលខណ្ឌដូនពេញមេត្តាដឹកនាំកម្លាំងចុះពិនិត្យក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីឆ្លើយតបទៅនិងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល ។ បើមិនបង្រ្កាបទេបានន័យថា អស់លោកពិតជាបានលាភសក្ការពីក្រុមល្បែងទាំងនេះដូចប្រជាពលរដ្ឋថាមិនខុសមែន៕
ដោយ៖ ប្រាថ្នា