សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ ស្តី​ពី​ពិធី​សម្ពោធ​សមិទ្ធផល​ជំនួយ​របស់​បារាំង​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(​ស​.​វ​.​ស​)​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ «​មន្ទីរពិសោធន៍​ជំនាញ​គ្លីនិក​និង​បង្ហាញ​ត្រាប់​»​ និង​ «​បន្ទប់​ប្រលង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​»​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ឯកឧត្តម​ ហ្ស​ង់​-​ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​សាស្ត្រាចារ្យ​ សា​ផុ​ន​ វឌ្ឍនៈ​ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ព្រឹទ្ធបុរស​ សាស្ត្រាចារ្យ​ បុគ្គលិក​ និង​និស្សិត​យ៉ាងច្រើន​កុះករ​ ។​

2

​មន្ទីរពិសោធន៍​បង្ហាញ​ត្រាប់​នេះ​មាន​ពីរ​ជាន់​ មាន​ផ្ទៃក្រឡា​សរុប​៧០០​ម៉ែត្រការ៉េ​ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​ ក្នុង​គោលបំណង​អោយ​និស្សិត​ទទួល​បានការ​អប់រំ​មួយ​នៅ​ក្នុង​បរិយាកាស​ជាក់ស្តែង​ចម្លង​តាម​មន្ទីរពេទ្យ​។​ មន្ទីរពិសោធន៍​នេះ​អាច​បំប្លែង​និង​បំពាក់​ឧបករណ៍​ដើម្បី​បម្រើ​គោលដៅ​សិក្សា​ផ្សេងៗ​ដូច​ជា​បន្ទប់​ពិគ្រោះ​ជំងឺ​ក្រៅ​ បន្ទប់​សម្រាក​ពេទ្យ​ បន្ទប់វះកាត់​ បន្ទប់​សម្ភព​ ឬ​បន្ទប់សង្គ្រោះបន្ទាន់​ជាដើម​។​ ប្រទេស​បារាំង​បាន​ចូលរួម​ផ្តល់​ហិរញ្ញវត្ថុ​ក្នុង​ការ​សាងសង់​អគារ​ និង​បំពាក់​ឧបករណ៍​បង្ហាញ​ត្រាប់​តាម​ជាក់ស្តែង​ ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ និង​មូលនិធិ​អូស្ត្រាលី​ Fred​ Hollows​។​

​ក្រៅពី​នេះ​ ប្រទេស​បារាំង​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​រយៈពេល​វែង​និង​រយៈពេល​ខ្លី​សម្រាប់​ការ​បណ្តុះ​ បណ្តាល​គ្រូបង្វឹក​វ័យក្មេង​របស់​ ស​.​វ​.​ស​ ជាង​៦០​នាក់​លើ​ជំនាញ​បង្ហាញ​ត្រាប់​។​ តាម​រយៈ​ជំនួយ​នេះ​ បាន​នាំ​អោយ​មានការ​ដាក់​បញ្ចូល​វិធី​ត្រាប់​តាម​ជាក់ស្តែង​ទៅ​ក្នុង​កម្មវិធី​សិក្សា​ថ្មី​ ការ​រៀបចំ​បញ្ជី​តាមដាន​អ្នកជំងឺ​ សេណា​រី​យ៉ូ​ទទួល​អ្នកជំងឺ​ រួម​ទាំង​ការ​សិក្សា​ជំនាញ​និង​ឥរិយា​បទ​វិជ្ជាជីវ​:​របស់​និស្សិត​។​ និស្សិត​ទាំង​៣​ ០០០​នាក់​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នឹង​ក្លាយជា​អ្នក​ប្រើប្រាស់​ចម្បង​នៃ​មន្ទីរពិសោធន៍​នេះ​ ប៉ុន្តែ​វគ្គ​បណ្តុះបណ្តាល​ចម្រុះ​មុខ​វិជ្ជា​នឹង​ត្រូវ​រៀបចំ​ឡើង​ផង​ដែរ​ ដើម្បី​ជំរុញ​ការងារ​ជា​ក្រុម​ក្នុង​ចំណោម​និស្សិត​ទាំង​៣​មហាវិទ្យាល័យ​របស់​ ស​.​វ​.​ស​ និង​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​ (​សរុប​មាន​សិស្ស​-​និស្សិត​ប្រមាណ​៧​ ០០០​នាក់​ក្នុង​ឆ្នាំ​២០១៥)​។​

​ក្រៅពី​មន្ទីរពិសោធន៍​ បន្ទប់​ប្រលង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ ស​.​វ​.​ស​ ក៏​ត្រូវ​បាន​បើក​សម្ពោធ​ផង​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​។​ បន្ទប់​នេះ​មាន​ទំហំ​៣៥០​ម៉ែត្រការ៉េ​បំពាក់​ទៅ​ដោយ​កុំព្យូទ័រ​ចំនួន​១៣០​គ្រឿង​ ភ្ជាប់​ទៅ​នឹង​បណ្តាញ​មេ​មួយ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធានា​អោយ​ការ​ប្រលង​ប្រព្រឹត្ត​ទៅ​ដោយ​សម្ងាត់​ និង​សុក្រឹតភាព​។​ ជាមួយ​ការ​ស្គែ​ន​ម្រាមដៃ​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​បេក្ខជន​ប្រលង​ ការ​ដាក់​សំនួរ​ផ្សេងៗ​គ្នា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ការ​ផ្តល់​ពិន្ទុ​ភ្លាមៗ​ បន្ទប់​ប្រលង​របស់​ ស​.​វ​.​ស​ នឹង​រួមចំណែក​ដ៏​សំខាន់​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​លួច​ចម្លង​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ឧត្តម​សិក្សា​។​ ប្រទេស​បារាំង​បាន​ឧបត្ថម្ភ​ការ​ទិញ​ឧបករណ៍​ព័ត៌មានវិទ្យា​ ដោយ​សហការ​ជាមួយ​ ស​.​វ​.​ស​ និង​មូលនិធិ​ China​ Medical​ Board​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​

​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ដោយ​ផ្អែក​លើ​ការ​អនុវត្ត​ជាក់ស្តែង​ផ្នែក​វេជ្ជសាស្ត្រ​ ក៏​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​ទ្រទ្រង់​ដោយ​ប្រទេស​បារាំង​ ក្នុង​គោលដៅ​លើក​ស្ទួយ​គុណភាព​ការ​ប្រលង​សរសេរ​ និង​ការ​ធ្វើ​ទំនើប​កម្ម​ការ​ប្រឡង​ និង​កម្មវិធី​សិក្សា​។​ កម្មវិធី​នេះ​អាច​ដំណើរការ​ទៅ​បាន​ដោយសារ​ជំនួយ​ហិរញ្ញវត្ថុ​ ៨០០​ ០០០​អឺ​រ៉ូ​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដល់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្នុង​គោលដៅ​ពង្រឹង​ និង​លើកកម្ពស់​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​សុខាភិបាល​។​ ចាប់ពី​ឆ្នាំ​១៩៩៦​មក​ គ្រូពេទ្យ​កម្ពុជា​ចំនួន​៦០០​នាក់​បាន​ទទួល​អាហារូបករណ៍​សម្រាប់​ការ​បណ្តុះបណ្តាល​រយៈ​ ពេល​ពី​៣​ខែ​ទៅ​៣​ឆ្នាំ​នៅ​តាម​មន្ទីរពេទ្យ​នានា​នៅ​ប្រទេស​បារាំង​។​

​ការ​សាងសង់​មន្ទីរពិសោធន៍​ និង​បន្ទប់​ប្រឡង​ខាងលើ​ ដោយ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​បារាំង​ នឹង​រួមចំណែក​លើកកម្ពស់​ការ​សិក្សា​របស់​និស្សិត​ពេទ្យ​។​ ការ​ចូលរួម​ចំណែក​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ រយៈពេល​វែង​របស់​បារាំង​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​អាទិភាព​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​៕​

3

1

...

4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print