ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពិសោធន៍ជំនាញគ្លីនិកនិងបង្ហាញត្រាប់» និង «បន្ទប់ប្រលងតាមប្រព័ន្ធកុំព្យូទ័រ» ក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រឹទ្ធបុរស សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតយ៉ាងច្រើនកុះករ ។
មន្ទីរពិសោធន៍បង្ហាញត្រាប់នេះមានពីរជាន់ មានផ្ទៃក្រឡាសរុប៧០០ម៉ែត្រការ៉េ ហើយត្រូវបានសាងសង់ឡើង ក្នុងគោលបំណងអោយនិស្សិតទទួលបានការអប់រំមួយនៅក្នុងបរិយាកាសជាក់ស្តែងចម្លងតាមមន្ទីរពេទ្យ។ មន្ទីរពិសោធន៍នេះអាចបំប្លែងនិងបំពាក់ឧបករណ៍ដើម្បីបម្រើគោលដៅសិក្សាផ្សេងៗដូចជាបន្ទប់ពិគ្រោះជំងឺក្រៅ បន្ទប់សម្រាកពេទ្យ បន្ទប់វះកាត់ បន្ទប់សម្ភព ឬបន្ទប់សង្គ្រោះបន្ទាន់ជាដើម។ ប្រទេសបារាំងបានចូលរួមផ្តល់ហិរញ្ញវត្ថុក្នុងការសាងសង់អគារ និងបំពាក់ឧបករណ៍បង្ហាញត្រាប់តាមជាក់ស្តែង ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមូលនិធិអូស្ត្រាលី Fred Hollows។
ក្រៅពីនេះ ប្រទេសបារាំងបានផ្តល់ជំនួយបច្ចេកទេសរយៈពេលវែងនិងរយៈពេលខ្លីសម្រាប់ការបណ្តុះ បណ្តាលគ្រូបង្វឹកវ័យក្មេងរបស់ ស.វ.ស ជាង៦០នាក់លើជំនាញបង្ហាញត្រាប់។ តាមរយៈជំនួយនេះ បាននាំអោយមានការដាក់បញ្ចូលវិធីត្រាប់តាមជាក់ស្តែងទៅក្នុងកម្មវិធីសិក្សាថ្មី ការរៀបចំបញ្ជីតាមដានអ្នកជំងឺ សេណារីយ៉ូទទួលអ្នកជំងឺ រួមទាំងការសិក្សាជំនាញនិងឥរិយាបទវិជ្ជាជីវ:របស់និស្សិត។ និស្សិតទាំង៣ ០០០នាក់នៃមហាវិទ្យាល័យវេជ្ជសាស្ត្រនឹងក្លាយជាអ្នកប្រើប្រាស់ចម្បងនៃមន្ទីរពិសោធន៍នេះ ប៉ុន្តែវគ្គបណ្តុះបណ្តាលចម្រុះមុខវិជ្ជានឹងត្រូវរៀបចំឡើងផងដែរ ដើម្បីជំរុញការងារជាក្រុមក្នុងចំណោមនិស្សិតទាំង៣មហាវិទ្យាល័យរបស់ ស.វ.ស និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ (សរុបមានសិស្ស-និស្សិតប្រមាណ៧ ០០០នាក់ក្នុងឆ្នាំ២០១៥)។
ក្រៅពីមន្ទីរពិសោធន៍ បន្ទប់ប្រលងតាមប្រព័ន្ធកុំព្យូទ័ររបស់ ស.វ.ស ក៏ត្រូវបានបើកសម្ពោធផងដែរកាលពីថ្ងៃព្រហស្បតិ៍នោះ។ បន្ទប់នេះមានទំហំ៣៥០ម៉ែត្រការ៉េបំពាក់ទៅដោយកុំព្យូទ័រចំនួន១៣០គ្រឿង ភ្ជាប់ទៅនឹងបណ្តាញមេមួយ ដែលត្រូវបានរៀបចំឡើងដើម្បីធានាអោយការប្រលងប្រព្រឹត្តទៅដោយសម្ងាត់ និងសុក្រឹតភាព។ ជាមួយការស្គែនម្រាមដៃដើម្បីបញ្ជាក់ពីអត្តសញ្ញាណបេក្ខជនប្រលង ការដាក់សំនួរផ្សេងៗគ្នាតាមប្រព័ន្ធកុំព្យូទ័រ និងការផ្តល់ពិន្ទុភ្លាមៗ បន្ទប់ប្រលងរបស់ ស.វ.ស នឹងរួមចំណែកដ៏សំខាន់ជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការលួចចម្លង និងការប្រព្រឹត្តអំពើពុករលួយក្នុងវិស័យឧត្តមសិក្សា។ ប្រទេសបារាំងបានឧបត្ថម្ភការទិញឧបករណ៍ព័ត៌មានវិទ្យា ដោយសហការជាមួយ ស.វ.ស និងមូលនិធិ China Medical Board ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ការបណ្តុះបណ្តាលគ្រូបង្រៀនដោយផ្អែកលើការអនុវត្តជាក់ស្តែងផ្នែកវេជ្ជសាស្ត្រ ក៏ជាផ្នែកមួយនៃកម្មវិធីដែលទ្រទ្រង់ដោយប្រទេសបារាំង ក្នុងគោលដៅលើកស្ទួយគុណភាពការប្រលងសរសេរ និងការធ្វើទំនើបកម្មការប្រឡង និងកម្មវិធីសិក្សា។ កម្មវិធីនេះអាចដំណើរការទៅបានដោយសារជំនួយហិរញ្ញវត្ថុ ៨០០ ០០០អឺរ៉ូពីស្ថានទូតបារាំងប្រចាំកម្ពុជាដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងគោលដៅពង្រឹង និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលអ្នកប្រកបអាជីពក្នុងវិស័យសុខាភិបាល។ ចាប់ពីឆ្នាំ១៩៩៦មក គ្រូពេទ្យកម្ពុជាចំនួន៦០០នាក់បានទទួលអាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលរយៈ ពេលពី៣ខែទៅ៣ឆ្នាំនៅតាមមន្ទីរពេទ្យនានានៅប្រទេសបារាំង។
ការសាងសង់មន្ទីរពិសោធន៍ និងបន្ទប់ប្រឡងខាងលើ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសបារាំង នឹងរួមចំណែកលើកកម្ពស់ការសិក្សារបស់និស្សិតពេទ្យ។ ការចូលរួមចំណែកនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត រយៈពេលវែងរបស់បារាំងក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា ដែលជាអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕