ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទីព្រឹក ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិលង្កា ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប មានករណីរលំដើមឈើ សង្កត់ប្តីប្រពន្ធពីរនាក់។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា៖ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូពីផ្ទះទៅផ្សារពោធិ៍លង្កា មកដល់ចំណុចខាងលើស្រាប់តែ ដើមក្ងោក ពុកគល់ដួលរលំសង្កត់ពីលើតែម្ដង។
ជនរងគ្រោះទាំងពីរមាន១.ឈ្មោះ មូ ពីរូ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ក្បាលនិងស្មា ២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់zoomerx ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមលាយខ្មៅមិនចាំផ្លាកលេខ បាក់កែបនិងតួរចំពាក់កណ្ដាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរេត ចំណែកម៉ូតូ zoomer ០១គ្រឿង កូនរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅផ្ទះ ៕
ដោយ៖ សហការី