ខេត្តមណ្ឌលគិរី ៖ អ្នកភូមិរស់នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ កំពុងនាំគ្នាភ័យខ្លាចនឹងដំរីព្រៃស្តមួយក្បាលដែលចូលអុកឡុកក្នុងភូមិរហូតធ្វើឲ្យផ្ទះអ្នកភូមិមួយខ្នងរងការខូចខាត ដោយសារដំរីយកប្រមោយបោចរោចនិងជាន់កម្ទេចព្រោះតែវាមកពាក់គ្នា ជាមួយដំរីញីក្នុងស្រុកមិនបាន។
ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់រមនាបានឲ្យដឹងថា៖ គិតចាប់ពីថ្ងៃទី២១ខែមេសា រហូតដល់ថ្ងៃនេះមានដំរីស្តព្រៃមួយក្បាលបានចូលមករកញីដល់ក្នុងភូមិហើយបានអុកឡុកអ្នកភូមិយ៉ាងខ្លាំង ។ ដំបូង វាបាននៅក្រវែលៗដំរីញីស្រុកចំនួន៤ក្បាលនៅភូមិពូត្រុំថ្មី សង្កាត់រមនា ដែលហ្មចងក្បែរមាត់អូរ ក្នុងបំណងចង់ពាក់ តែដំរីញីទាំងនោះ មិនព្រមអោយដាច់ខាត។
បន្ទាប់មកវាចេះតែមកក្រវែលម្តងហើយម្តងទៀត តែដំរីញីស្រុកបដិសេធមិនឲ្យពាក់ដដែល វាក៏ដើរចេញពីភូមិពូត្រុំថ្មី កាត់ព្រៃនិងចម្ការអ្នកស្រុកឆ្ពោះទៅភូមិពូត្រុំ(ភូមភូមិដំរីជាន់ ហើយដល់ទីនោះទំនងវាមួរម៉ៅនឹងការរួមរ័កមិនបាន វាក៏ឈ្មុលផ្ទះអ្នកភូមិខូចខាតអស់មួយខ្នងតែម្តង។ ក្នុងករណីនេះ លោក ព្រំ វិបុលរតនៈ នាយកដែនជម្រកការពារសត្វព្រៃកែវសីមា បានឲ្យដឹងថា មន្ត្រីរបស់លោកនៅមិនទាន់មានវិធានការអ្វីលើដំរីព្រៃមួយក្បាលនេះទេ ដោយបានត្រឹមតែតាមឃ្លាំមើលសកម្មភាពរបស់វាប៉ុណ្ណោះ ។
ករណីនេះ ក្រៅពីប្រើរបៀបសាមញ្ញ កៀងបណ្តេញចូលព្រៃវិញគឺមិនទាន់អាចធ្វើអ្វីបានទៀតទេ ។
ប្រជាពលរដ្ឋនិយាយថា ខេត្តមណ្ឌលគិរីជាតំបន់សម្បូរព្រៃភ្នំ ហើយសម្បូរសត្វព្រៃធំៗហេតុអ្វីអាជ្ញាធរ ជាពិសេសមន្ទីរជំនាញមិនមានត្រៀមឧបករណ៍បង្ការហានិភ័យដែលកើតមានឡើង ដោយសារដំរីព្រៃ?ឯអង្គការចិញ្ចឹមសត្វដំរី ជាង១០ក្បាលនៅក្បែរនោះហេតុអីមិនមានវិធីសាស្ត្រដើម្បីបង្ការ? ធ្វើអោយអ្នកភូមិខ្លះចាកចេញពីពីស្រុក ខ្លាចមានបញ្ហាគ្រោះថ្នាក់។ បើលោកអភិបាលខេត្តចុះទៅមើលម្តងនៅថ្ងៃទី២៤ មេសា ក្រោយមកស្ងាត់ឈឹង លើវិធានការ ការពារដល់អ្នកភូមិ។ នេះបើតាមប្រជាពលរដ្ឋក្នុងភូមិបានលើកឡើង៕
ដោយ៖ ប្រាថ្នា