ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់ ដែលជាមុនសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់ យ៉ាងសកម្មនៅក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌខេត្ត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាក់ស្តែង កាលពីវេលឋម៉ោង១រសៀល ថ្ងៃ អាទិត្យ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២០ ត្រង់ចំណុចម្តុំស្ពានប្រាំពីរជាន់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីកាន់កាប់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ។
តាមប្រភពព័ត៍មានពីមន្រ្តីការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ YANG XING ភេទប្រុស អាយុ៣២ឆ្នាំជាជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្រុកកំណើត Chong Qin ប្រទេសចិន មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចជំនាញ បានចាប់យកវត្ថុតាងមួយចំនួនមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩ កញ្ចប់ ,ថ្នាំគ្រាប់សញ្ញា WY សង្ស័យជាសារធាតុញៀន ចំនួន ២០គ្រាប់ , ម្សៅកញ្ចប់ពណ៌ខ្មៅ រូបទេពធីតា សង្ស័យជាសារធាតុញៀន ចំនួន៥កញ្ចប់ , ម្សៅកញ្ចប់ពណ៌ស ម៉ាកCK សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ , សោរ ០១ចង្កោម , កាតរីង ០១សន្លឹក ,ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកOPPO ពណ៌ខៀវ (ជនសង្ស័យកាច់ទូរស័ព្ទចោល ពេលសមត្ថកិច្ចដេញតាម) និងរថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AS 6634 ។
បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕ដោយ៖ស សម