សិង្ហបុរី÷នៅក្នុងសុន្ទរកថាសម្រាប់ការងារប្រចាំខែឧសភា ឆ្នាំ២០២០នេះ លោក លី សៀនឡុង(Lee Hsien Loong) នាយករដ្ឋមន្ត្រីីសិង្ហបុរី បានប្រកាសពីលទ្ធភាព ក្នុងការបន្ធូរបន្ថយការរឹតត្បិតខ្លះ លើវិធានការការពារ និងទប់ស្កាត់វីរុស Covid-19 ដើម្បីជាផ្នែកមួយនៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់រដ្ឋាភិបាលរបស់លោក បានមានលទ្ធភាព គ្រប់គ្រងស្ថានភាពនៃជំងឹកូវីដ-19 កាន់តែល្អប្រសើរ។
ការស្តារសេដ្ឋកិច្ចជាតិឡើងវិញធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈមជ្ឈមណ្ឌលសេដ្ឋកិច្ចលេចធ្លោក្នុងតំបន់មួយនេះ រងផលប៉ះពាល់យ៉ាងខ្លាំង ពីវីរុស Covid-19។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពនៃការរាតត្បាតរបស់វីរុស Covid-19 ជាពិសេសករណីឆ្លងថ្មី មានភាពថមថយហើយ ដូច្នេះសិង្ហបុរី អាចបន្ធូរបន្ថយបម្រាម ក្នុងការដើរហើរ និងចាប់ផ្តើមស្តារសេដ្ឋកិច្ចជាបណ្តើរ។ ក៏ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការចាប់ផ្តើមនេះ នឹងធ្វើដោយប្រុងប្រយ័ត្នបំផុត ចៀសវាងការផ្ទុះឡើងវិញនៃវីរុសរាតត្បាតមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Today Online ។
លោក លី បានទទួលស្គាល់ថាដំណើរការស្តារសេដ្ឋកិច្ច្ចឡើងវិញលើកនេះ គឺជាផ្លូវមួយលំបាក និងវែងឆ្ងាយ ដ្បិតស្ថានភាពសេដ្ឋកិច្ចរបស់សិង្ហបុរី ក៏មានការផ្លាស់ប្តូរ ខណៈដែលក្រុមហ៊ុន ឬរោងចក្រមួយចំនួន បានរងផលប៉ះពាល់ធ្ងន់ធ្ងររួចទៅហើយ។ រដ្ឋាភិបាល នឹងនៅតែបន្តរក្សាសេវាដែលចាំបាច់ ហើយសកម្មភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ច នឹងត្រូវបើកឲ្យចាប់ផ្តើមឡើងវិញជាជំហានៗ តែមិនទាំងអស់ក្នុងពេលតែមួយនោះទេ។ សម្រាប់លោក នាយករដ្ឋមន្រ្តីយល់ឃើញថាវិស័យដែលធ្វើឲ្យសិង្ហបុរី អាចធានាពីសកម្មភាពក្នុងស្រុកគឺសិង្ហបុរី ត្រូវផ្សារភ្ជាប់សង្វាក់ផលិតកម្មជាមួយនឹងពិភពលោក។
យ៉ាងណាទោះបីជារដ្ឋាភិបាលសិង្ហបុរីមិនអាចសង្គ្រោះ ឬស្រោចស្រង់ការងារ ដែលរងផលប៉ះពាល់ពីវីរុសរាតត្បាតនេះបានទាំងអស់ក៏ដោយ លោកនាយករដ្ឋមន្ត្រី បានសន្យាគាំពារជីវភាពប្រជាជន ដែលជាកម្មករ ឬបុគ្គលិក ដែលបម្រើការលើវិស័យពាក់ព័ន្ធនានា ដែលរងផលប៉ះពាល់ពីវីរុសនេះ មិនឲ្យលំបាកនោះទេ៕
ដោយ÷ប្រាថ្នា