ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសនៃការស្នាក់នៅស្រុកកំណើតផ្ទាល់ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាកូនបង្កើត និងជាភរិយាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងលោកស្រី ជាភរិយាថ្នាក់ដឹកនាំកំពូលនានា របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរាប់បាត្រចង្ហាន់ បច្ច័យមួយចំនួន ប្រគេនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំងព្រះភិក្ខុសង្ឃចំនួន ៥៧អង្គ ដែលនិមន្តគោចរបិណ្ឌបាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីប្រគេនចង្ហាន់ និងបច្ច័យសម្តេចព្រះឧត្តមបញ្ញា និងព្រះភិក្ខុសង្ឍក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តក្បូងឃ្មុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុចធូប នៅផ្នូរបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ដែលបានប្រារព្វពិធីតាមសាសនា កាលពីរសៀលថ្ងៃ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ និងផ្នូរតម្កល់សពរបស់ឧបាសក លីន គ្រី ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៨០ តាមរយះការធ្វើឃាតពីពួកប៉ុលពត នៅលើផ្ទះដែលជាភូមិកំណើតផ្ទាល់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ថ្ងែនេះជាបុណ្យគម្រប់៧ថ្ងៃ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាកូនបង្កើត និងជាភរិយាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ៖ សិលា