ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកូរ៉េខាងជើង បានសម្រេចបិទទ្វារស្ថានទូតជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០តទៅ ហើយបុគ្គលិកទាំងអស់ក៏បានចាកចេញពីកូរ៉េខាងជើងផងដែរ។ ឯកអគ្គរាជទូតអង់គ្លេសនៅកូរ៉េខាងជើង លោក Colin Crooks បានប្រកាសឲ្យដឹងថា លោកនឹងចាកចេញពីកូរ៉េខាងជើង នៅថ្ងៃទី២៨ខែឧសភានេះ។
ឯកអគ្គរាជទូត Colin Crooks បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ស្ថានទូតអង់គ្លេសប្រចាំ ទីក្រុងព្យុងយ៉ាង បានសម្រេចបិទទ្វារជាបណ្តោះអាសន្ន ហើយបុគ្គលិកក៏ត្រូវចាកចេញពីទីក្រុងព្យុងយ៉ាងផងដែរ។
តាមសេចក្តីប្រកាសរបស់ការិយាល័យទំនាក់ទំនងកិច្ចការបរទេសអង់គ្លេសបានបញ្ជាក់ថា ការសម្រេចបិទទ្វារស្ថានទូតនេះដោយសារតែការកាត់បន្ថយការធ្វើដំណើរទៅកាន់កូរ៉េខាងជើង ធ្វើឲ្យអង់គ្លេសមិនអាចផ្លាស់ប្តូរបុគ្គលិកស្ថានទូតបាន។
អង់គ្លេសបានរក្សាទំនាក់ទំនងការបរទេសជាមួយកូរ៉េខាងជើង ដដែល ហើយនឹងជំរុញបើកស្ថានទូតដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
សារព័ត៌មាន NK News របស់កូរ៉េខាងត្បូង បានផ្សាយថា ឯកអគ្គរាជទូតអង់គ្លេសបានចាកចេញពីកូរ៉េខាងជើង ទៅកាន់ប្រទេសចិនតាមផ្លូវគោក ហើយបន្តទៅកាន់អង់គ្លេសវិញ ដោយសារតែជើងហោះហើរមិនទាន់ដំណើរការ ។
កាលពីខែមីនា ប្រទេសមួយចំនួនក៏បានសម្រេចបិទទ្វារស្ថានទូត ក្នុងនោះមានបារាំងក៏បានបិទទ្វារហើយដកបុគ្គលិកចេញផងដែរ ៕
ដោយ៖ ធី រីណា