បាតុកម្ម​ប្រឆាំង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ហា​យ​ទី​ ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​ដុត​បំផ្លាញ​

ចែករំលែក៖

​ក្រុម​បាតុករ​ជា​ច្រើន​រយ​នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​នានា​ក្នុង​រដ្ឋធានី​ហា​យ​ទី​(Haiti)​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ ដោយសារ​តែ​ក្រុម​បាតុករ​ទាំងនោះ​យល់​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​មិន​ប្រក្រតី​ ខណៈ​ដែល​ការិយាល័យ​បោះ​ឆ្នោត​ជា​ច្រើន​កន្លែង​នៅ​តំបន់​ជនបទ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយប្រហារ​ និង​ដុត​បំផ្លាញ​ ។​

a-man-riding-a-bike

​ប្រទេស​ហា​យ​ទី​ តាម​ការ​គ្រោងទុក​គឺ​ត្រូវ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ស​ប្តា​ហ៍​នេះ​ ដោយ​ទទួល​បាន​គាំទ្រ​ពី​ភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​នេះ​ ។​ ប៉ុន្តែ​ អំពើ​ហិង្សា​ចេះ​តែ​ផ្ទុះ​ឡើង​មិន​ឈប់​ឈរ​ចាប់តាំងពី​បេក្ខជន​មក​ពី​គណបក្សប្រឆាំង​ Jude​ Celestin​ កាលពី​ស​ប្តា​ហ៍​កន្លង​បាន​ថ្លែង​ថា​ លោក​នឹង​ដកខ្លួន​មិន​ចូលរួម​ការ​បោះ​ឆ្នោត​នេះ​ឡើយ​ ដោយសារ​ថា​ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ទំនោរ​ទៅ​រក​គណបក្សកាន់អំណាច​ ។​

​លោក​ Celestin​ អាយុ​៥៣​ឆ្នាំ​ ជា​វិស្វករ​មក​ពី​ប្រទេស​ស្វី​ស​ បាន​ទទួល​សំឡេង​គាំទ្រ​លំដាប់​លេខ​២​ពី​សំណាក់​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែតុលា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​លោក​ Jovenel​ Moise​ អាយុ​៤៧​ឆ្នាំ​ ដែល​ជា​អ្នក​វិនិយោគ​នាំ​ផ្លែ​ចេក​ចេញ​ទៅ​ក្រៅប្រទេស​ និង​មក​ពី​គណបក្សកាន់អំណាច​នោះ​ ទទួល​បាន​សំឡេង​ឈានមុខ​គេ​ ។​

​ក្រុម​បាតុករ​គាំទ្រ​គណបក្សប្រឆាំង​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​ខឹងសម្បារ​ ដង្ហែ​ក្បួន​ចេញពី​តំបន់​ជាយក្រុង​ឆ្ពោះទៅ​កាន់​ទីប្រជុំជន​ Port​ au​ Prince​ ។​ បាតុករ​ខ្លះ​បាន​ដុត​រថយន្ត​ គប់​ដុំ​ថ្មី​ ព្រមទាំង​គ្រប់​គ្រប់​បែក​សាំង​ជាដើម​ ។​

​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ Jaques​ Madious​ អាយុ​៤០​ឆ្នាំ​ បាន​និយាយ​ថា​ ប្រសិនបើ​លោក​មាន​អាវុធ​ គឺ​លោក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ ហើយ​លោក​នឹង​ធ្វើ​អ្វី​ដែល​លោក​ចង់​ធ្វើ​កាលពីមុន​រួច​មក​ហើយ​ ។​ លោក​បន្ត​ថា​ លោក​មានការ​មិន​ពេញចិត្ត​ចំពោះ​របប​ដឹកនាំ​សព្វថ្ងៃ​ បន្ទាប់​ពី​ប្រធានាធិបតី​Jean​ Bertrand​ Aristide​ ដែល​កើតឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​គេ​ទម្លាក់​ចេញពី​អំណាច​កាលពី​ឆ្នាំ​២០០៤​កន្លង​មក​នោះ​ម្ល៉េះ​ ។​

​ការ​បោះ​ឆ្នោត​ និង​ការ​ផ្ទេរអំណាច​នៅ​ក្នុង​ប្រទេស​ហា​យ​ទី​ គឺ​បាន​អូស​បន្លាយ​ញាំញី​ដោយ​អំពើ​ហិង្សា​ និង​អ​ស្ថិរភាព​រយពេល​ជា​យូរ​មក​ហើយ​ ។​ ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​កាលពី​ខែតុលា​ ឆ្នាំ​២០១៥​ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ អាច​ទទួលយក​បាន​ ។​ ប៉ុន្តែ​បេក្ខជន​ឈរឈ្មោះ​យ៉ាងតិច​៥៤​នាក់​បាន​អះអាង​ថា​ រដ្ឋាភិបាល​បាន​កែ​បន្លំ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ ។​

​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ក្រុម​បាតុករ​បាន​បង្ហាញ​ពី​គោលបំណង​ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​ និង​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី​ និង​យុត្តិធម៌​ត្រូវ​តែ​ធ្វើ​ឡើង​អំឡុង​ពេល​ដែល​ប្រធានាធិបតី​បច្ចុប្បន្ន​ គឺ​លោក​ Michel​ Martelly​ ផុត​អាណត្តិ​ ចុះ​ចេញពី​តំណែង​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​ ក្រុម​បាតុករ​ទាំងនេះ​មានការ​ចូលរួម​ពី​ក្រុមប្រឆាំង​ជា​ច្រើន​ក្រុម​ ក្នុង​នោះ​មាន​ដូច​ជា​ក្រុម​ Paltform​ Pitit​ Desalin​ ព្រមទាំង​អ្នកគាំទ្រ​បេក្ខភាព​គណបក្សប្រឆាំង​ លោក​ Celestin​ ផង​ដែរ​ ។​

​លេខាធិការ​ក្រុម​អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​ Assad​ Volcy​ បាន​បញ្ជាក់​ថា​ យើង​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ​ថា​ យើង​ប្រឆាំង​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ ។​ យើង​នឹង​ប្រឆាំង​នៅ​ពីមុខ​ការិយាល័យ​បោះ​ឆ្នោត​នានា​ ។​ លោក​បន្ត​ថា​ នៅ​ពេល​ដែល​លោក​ Martelly​ ចុះ​ចេញពី​តំណែង​នា​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ យើង​ទាំងអស់​គ្នា​ចង់បាន​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​ដើម្បី​រៀបចំ​ដំណើរការ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី​ និង​យុត្តិធម៌​ ។​

​នៅ​ភាគ​ខាងជើង​ប្រទេស​ ជន​មិន​ស្គាល់​មុខ​បាន​ដុត​បំផ្លាញ​ការិយាល័យ​បោះ​ឆ្នោត​អស់​៤​ទីតាំង​ ដែល​ករណី​នេះ​ដោយសារ​តែ​ជន​ទាំងនោះ​ខឹងសម្បារ​ចំពោះ​ការ​បោះ​ឆ្នោត​កាលពី​ខែតុលា​ ឆ្នាំ​២០១៥​ ធ្វើ​ឡើង​មិន​ប្រកបដោយ​សេរី​ និង​តម្លាភាព​ ។​ កាលពី​ពេល​ថ្មីៗ​នេះ​ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​៤​នាក់​បាន​លាលែង​ពី​តំណែង​ ។​

​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ហា​យ​ទី​បាន​អះអាង​ថា​ ខ្លួន​ថ្កោលទោស​ចំពោះ​ការ​បង្ក​អំពើ​ហិង្សា​ និង​ថា​ ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ មិន​អាច​អាក់ខាន​បាន​ឡើយ​ ៕​

protesters-knock-over-a

protesters-march-during-a

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print