ក្រុមបាតុករជាច្រើនរយនាក់បានចេញធ្វើបាតុកម្មតាមដងផ្លូវនានាក្នុងរដ្ឋធានីហាយទី(Haiti) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យបញ្ឈប់ការរៀបចំការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដោយសារតែក្រុមបាតុករទាំងនោះយល់ឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តឡើងដោយមិនប្រក្រតី ខណៈដែលការិយាល័យបោះឆ្នោតជាច្រើនកន្លែងនៅតំបន់ជនបទត្រូវជនមិនស្គាល់មុខលួចវាយប្រហារ និងដុតបំផ្លាញ ។
ប្រទេសហាយទី តាមការគ្រោងទុកគឺត្រូវបោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍នេះ ដោយទទួលបានគាំទ្រពីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិក្នុងការរៀបចំបោះឆ្នោតនេះ ។ ប៉ុន្តែ អំពើហិង្សាចេះតែផ្ទុះឡើងមិនឈប់ឈរចាប់តាំងពីបេក្ខជនមកពីគណបក្សប្រឆាំង Jude Celestin កាលពីសប្តាហ៍កន្លងបានថ្លែងថា លោកនឹងដកខ្លួនមិនចូលរួមការបោះឆ្នោតនេះឡើយ ដោយសារថា មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានទំនោរទៅរកគណបក្សកាន់អំណាច ។
លោក Celestin អាយុ៥៣ឆ្នាំ ជាវិស្វករមកពីប្រទេសស្វីស បានទទួលសំឡេងគាំទ្រលំដាប់លេខ២ពីសំណាក់ ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតជុំទីមួយ ដែលបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០១៥ ខណៈដែលលោក Jovenel Moise អាយុ៤៧ឆ្នាំ ដែលជាអ្នកវិនិយោគនាំផ្លែចេកចេញទៅក្រៅប្រទេស និងមកពីគណបក្សកាន់អំណាចនោះ ទទួលបានសំឡេងឈានមុខគេ ។
ក្រុមបាតុករគាំទ្រគណបក្សប្រឆាំងជាច្រើនរយនាក់បាននាំគ្នាធ្វើបាតុកម្មដោយខឹងសម្បារ ដង្ហែក្បួនចេញពីតំបន់ជាយក្រុងឆ្ពោះទៅកាន់ទីប្រជុំជន Port au Prince ។ បាតុករខ្លះបានដុតរថយន្ត គប់ដុំថ្មី ព្រមទាំងគ្រប់គ្រប់បែកសាំងជាដើម ។
ពលរដ្ឋម្នាក់ឈ្មោះ Jaques Madious អាយុ៤០ឆ្នាំ បាននិយាយថា ប្រសិនបើលោកមានអាវុធ គឺលោកមិនអាចនៅស្ងៀមបានទេ ហើយលោកនឹងធ្វើអ្វីដែលលោកចង់ធ្វើកាលពីមុនរួចមកហើយ ។ លោកបន្តថា លោកមានការមិនពេញចិត្តចំពោះរបបដឹកនាំសព្វថ្ងៃ បន្ទាប់ពីប្រធានាធិបតីJean Bertrand Aristide ដែលកើតឡើងតាមរយៈការបោះឆ្នោតនោះត្រូវគេទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០០៤កន្លងមកនោះម្ល៉េះ ។
ការបោះឆ្នោត និងការផ្ទេរអំណាចនៅក្នុងប្រទេសហាយទី គឺបានអូសបន្លាយញាំញីដោយអំពើហិង្សា និងអស្ថិរភាពរយពេលជាយូរមកហើយ ។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានអះអាងថា ការបោះឆ្នោតកាលពីខែតុលា ឆ្នាំ២០១៥ គឺមានលក្ខណៈល្អប្រសើរ អាចទទួលយកបាន ។ ប៉ុន្តែបេក្ខជនឈរឈ្មោះយ៉ាងតិច៥៤នាក់បានអះអាងថា រដ្ឋាភិបាលបានកែបន្លំលើលទ្ធផលនៃការបោះឆ្នោតនោះ ។
ការធ្វើបាតុកម្មកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ក្រុមបាតុករបានបង្ហាញពីគោលបំណងទាមទារឲ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ និងការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ត្រូវតែធ្វើឡើងអំឡុងពេលដែលប្រធានាធិបតីបច្ចុប្បន្ន គឺលោក Michel Martelly ផុតអាណត្តិ ចុះចេញពីតំណែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ។ ក្រុមបាតុករទាំងនេះមានការចូលរួមពីក្រុមប្រឆាំងជាច្រើនក្រុម ក្នុងនោះមានដូចជាក្រុម Paltform Pitit Desalin ព្រមទាំងអ្នកគាំទ្របេក្ខភាពគណបក្សប្រឆាំង លោក Celestin ផងដែរ ។
លេខាធិការក្រុមអ្នករៀបចំធ្វើបាតុកម្ម Assad Volcy បានបញ្ជាក់ថា យើងប្រកាសនៅសប្តាហ៍នេះថា យើងប្រឆាំងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ។ យើងនឹងប្រឆាំងនៅពីមុខការិយាល័យបោះឆ្នោតនានា ។ លោកបន្តថា នៅពេលដែលលោក Martelly ចុះចេញពីតំណែងនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ យើងទាំងអស់គ្នាចង់បានរដ្ឋាភិបាលបណ្តោះអាសន្នមួយដើម្បីរៀបចំដំណើរការការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ ។
នៅភាគខាងជើងប្រទេស ជនមិនស្គាល់មុខបានដុតបំផ្លាញការិយាល័យបោះឆ្នោតអស់៤ទីតាំង ដែលករណីនេះដោយសារតែជនទាំងនោះខឹងសម្បារចំពោះការបោះឆ្នោតកាលពីខែតុលា ឆ្នាំ២០១៥ ធ្វើឡើងមិនប្រកបដោយសេរី និងតម្លាភាព ។ កាលពីពេលថ្មីៗនេះ មន្ត្រីរៀបចំការបោះឆ្នោត៤នាក់បានលាលែងពីតំណែង ។
មន្ត្រីរៀបចំការបោះឆ្នោតហាយទីបានអះអាងថា ខ្លួនថ្កោលទោសចំពោះការបង្កអំពើហិង្សា និងថា ការបោះឆ្នោតក្នុងពេលខាងមុខ មិនអាចអាក់ខានបានឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត