ខេត្តកណ្តាល៖ បុរសម្នាក់មានអការៈឈឺធ្មេញហូបបាយមិនកើតអស់រយៈពេល២ថ្ងៃស្រាប់តែកូនប្រទះឃើញដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចបន្ទប់ផ្ទះជួលជនរងគ្រោះស្នាក់នៅ ស្ថិតក្នុងត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាត់ ជា ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់លៀស មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេកើតហេតុ២ថ្ងៃជនរងគ្រោះបានដកធ្មេញមានអការៈឈឺចាប់ខ្លាំងហូបបាយមិនកើតបើទោះបីជាទិញថ្នាំផឹកក៏នៅតែមិនបាត់ ។ នៅមុនវេលាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ផ្ទះជួលជាមួយកូនប្រុសជាធម្មតា លុះដល់វេលាម៉ោង៤ព្រឹកកូនចូលទៅដាស់ទើបដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសស្រុកអង្គស្នួលនិងក្រុមគ្រូពេទ្យប្រចាំមន្ទីរពេទ្យប្រតិបត្តិស្រុកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារខ្យល់គមិនមានជាប់ពាក់ព័ន្ធករណីអ្វីឡើយ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ