ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន Camhomes ដែលអះអាងថា បានដាក់ទុនវិនិយោគសំណង់អាគារខុនដូ និងអាគារពាណិជ្ជកម្មផ្សេងៗ មានកំពស់រហូតដល់ទៅ២៨ជាន់ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបានសម្ពោធបញ្ចុះបឋមសិលា យ៉ាងអធិកអធមកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ កន្លងទៅ រហូតដល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានសកម្មភាពបុកគ្រឹស ឫ ដឹកយកសម្ភារះសំណង់អ្វីមកតម្កល់ទៅលើទីតាំងដីនោះនៅឡើយទេ ។ ប្រការនេះ ពលរដ្ឋនៅខេត្តព្រះសីហនុបានរិះគន់ថាក្រុមហ៊ុន Camhomes កំពុងប្រើល្បិចធ្វើនំអត់ម្សៅ ដោយប្រកាសលក់ខ្យល់ ។
ពលរដ្ឋនៅខេត្តព្រះសីហនុបាននិយាយតៗគ្នាថា នៅលើទំព័រកាសែត កញ្ចក់ទូរទស្សន៍ ក្នុងស្រុក ឃើញតែប្រកាសលក់បន្ទប់ខុនដូរ របស់ក្រុមហ៊ុន Camhomes នៅទីក្រុងព្រះសីហនុ ប៉ុន្តែ
មិនមានអ្វីនោះទេ គឺមានតែដីទទេ សុទ្ធសាធតែម្តង ករណីនេះប្រសិនបើមានការឆបោកអ្វីនោះ សង្ស័យថា មិនដឹងជាទៅរកអ្នកទទួលខុសត្រូវនៅទីណានោះដែរ ។
មន្ត្រីអ្នកច្បាប់ម្នាក់បាននិយាយថា ក្រុមហ៊ុនវិនិយោគនីមួយៗ គួរណាស់មានថវិការតម្កល់នៅធានាគារជាតិដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប៉ុន្តែចំពោះក្រុមហ៊ុនសំណង់អាគារធំៗកន្លងមកមិនដឹងថា គេអនុវត្តន៍ច្បាប់វិនិយោគបែបណានោះទេ។
បញ្ជាក់ថា ក្រុមហ៊ុន Camhomes បានប្រារពកម្មពិធីសម្ពោធបញ្ចុះបឋមសិលាសាងសង់អាគារខុនដូនិងអាគារពាណិជ្ជកម្មកំពស់២៨ជាន់ នៅជិតក្រុមហ៊ុន គជ់ អាស៊ី ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៦
ខែមករា កន្លងទៅនេះ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ពុំមានសកម្មភាពឫគ្រឿងចក្រនៅលើទីតាំងបញ្ចុះបឋមសិលានោះទេ សូម្បីតែរោងគោរពកម្មវិធីក៏រុះរើបាត់ស្រមោលដែរ ៕
ដោយ៖ ឆ្លាមសមុទ្រ