ខេត្តរតនគិរី៖ ជនជាតិវៀតណាមចំនួន១០នាក់ដែលជិះម៉ូតូដើរលក់សម្ភារៈដោយខុសច្បាប់តាមបណ្តាស្រុកនានាក្នុងខេត្តរតនគិរី ត្រូវបាននគរបាលអន្តោប្រវេសន៍កម្ពុជាបណ្តេញចេញពីកម្ពុជាវិញនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
ការបណ្តេញចេញនេះបានធ្វើឡើងនៅការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តនេះគឺជាលើកទីពីរហើយដែលធ្វើឡើងនៅដើមឆ្នាំ២០១៦នេះ។
លើកទី១ ជនជាតិវៀតណាមចំនួន០៩នាក់ និងម៉ូតូចំនួន០៩គ្រឿងបូករួមនិងសម្ភារៈជាច្រើនទៀតត្រូវបានហៅមកណែនាំនិងបណ្តញចេញដូចគ្នានេះដែរកាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ។
នៅលើកទី២ នេះជនជាតិវៀតណាមទាំង១០នាក់នេះត្រូវបាននគរបាលរកឃើញនៅក្នុងស្រុកបរកែវរួមទាំងមធ្យោបាយនិងសម្ភារៈផងដែរភ្លាមៗនៅព្រឹកនោះ និងបញ្ជូនមកការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការខេត្តដើម្បីចាត់ការបន្ត។
លោក ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍នៅការិយាល័យរបស់លោកនៅព្រឹកថ្ងៃទី២០ខែមករានេះបានធ្វើការព្រមានដល់ជនជាតិវៀតណាមទាំង១០នាក់នោះយ៉ាងធ្ងន់ៗដោយបញ្ជាក់ថាដោយនាំចូលមធ្យោបាយនិងសម្ភារៈផ្សេងៗម៉ូតូទាំង១០គ្រឿងនោះគឺខាងកម្ពុជាបានធ្វើការអនុគ្រោះឱ្យចាកចេញពីកម្ពុជាក្នុងថ្ងៃទី២០នេះដោយពុំឃាត់ទុកទាំងម៉ូតូមធ្យោបាយធ្វើដំណើរនេះទេ។ ហើយបើមិនចាកចេញក្នុងថ្ងៃនេះទេគឺសមត្ថកិច្ចនិងចាត់វិធានការតាមផ្លូវច្បាប់។
ជនជាតិវៀតណាមដែលចូលមកកម្ពុជាក្នុងថ្ងៃនោះមានចំនួន១៧នាក់ប៉ុន្តែសមត្ថកិច្ចបានរកឃើញតែ១០នាក់ និង៧នាក់ទៀតរត់គេចខ្លួនសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកបន្តទៀត។
លោក ជា ប៊ុនធៀន បានបន្តទៀតថា ចំពោះមធ្យោបាយនិងសម្ភារៈជាតួនាទីរបស់គយប៉ុន្តែលោកមានតួនាទីត្រួតពិនិត្យតែមនុស្សប៉ុណ្ណោះក្រោយពីត្រួតពិនិត្យឆែកឆេទៅមានលិខិតឆ្លងដែនត្រឹមត្រូវទើបធ្វើការណែរនាំហើយឱ្យទៅវិញ។
សូមបញ្ជាក់ថា ចំពោះជនអន្តោប្រវេសន៍ដែលឆ្លងដែនខុសច្បាប់ចូលមកនេះមានច្រើនរាប់មិនអស់នោះគ្រាន់តែឆ្លងដែនមកលក់សម្ភារៈមិនទាន់និយាយដល់ជនជាតិវៀតណាមចូលមកនៅតាមរោងសិប្បកម្មកែច្នៃឈើប្រណិត កម្មករតាមក្រុមហ៊ុនតាមក្លិប មាស្សារ និងសេវាបម្រើផ្លូវភេទផ្សេងទៀតផងទេមិនដែលឃើញបង្ក្រាបនៅឡើយដែរបូករួមទាំងចូលមករកទិញឈើប្រណិតទៀតផង។
ឯការអនុញ្ញាត្តិពីច្រកទ្វារនោះគឺត្រឹមតែ១ថ្ងៃ និងចំងាយពី២០ទៅ៣០គីឡូមែត្រប៉ុណ្ណោះនេះបើតាមការឱ្យដឹងពីលោកនាយការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្ត៕
...
ដោយ៖ អ៊ុច សាវុទ្ធ