ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនអនុសាខាកាកបាទក្រហមក្រុងបាវិត និងស្រុកចន្ទ្រា ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ។
នាយឧត្តមសេនីយ៍ បានថ្លែងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ពណ៌សម្បុរអ្វីនោះឡើយ។ នាយឧត្តមសេនីយ៍បានបន្ថែមទៀតថាៈ បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក និងប្រទេសកម្ពុជា ដូច្នេះទាមទារឲ្យពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់ការរីករាលនៃជំងឺនេះផងដែរ។
នាយឧត្តមសេនីយ៍បានស្នើឱ្យអាជ្ញាធរ និងអនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងក្រុងបាវិត ត្រូវចុះឲ្យដល់ខ្នងផ្ទះពលរដ្ឋដែលជួបការលំបាកខ្វះខាតពិតប្រាកដ ពិសេសនៅគ្រាដែលពលរដ្ឋមិនសូវបានចេញពីផ្ទះដោយសារតែជំងឺកូវីដ-១៩រាតត្បាត ហើយខ្វះខាតស្បៀងអាហារ។ដូច្នេះអាជ្ញាធរត្រូវតែរាយការណ៍មកអនុសាខាកាកបាទក្រហមស្រុក-ក្រុង ដើម្បីដឹកនាំក្រុមការងារនាំស្បៀងទៅចែកជូនឲ្យបានទាន់ពេលវេលា មិនត្រូវទុកពលរដ្ឋណាម្នាក់ឱ្យដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។
សូមជម្រាបថា អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រីជាភរិយាព្រមទាំងក្រុមការងារប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត និងស្រុកចន្ទ្រា គឺក្នុងមួយស្រុកក្រុងទទួលបានអង្ករ ១០តោន មី ១០០ កេស ទឹកត្រី ១០០យូរ ទឹកស៊ីអ៉ីវ ១០០យួរ ត្រីខ ៨កេសធំ ប្រេងសាំង ១,០០០លីត្រ និងថវិកា ១១,៥០០,០០០រៀល៕
ដោយ៖ សុខដុម