សហរដ្ឋអាមេរិក៖ គ្រប់គ្នាពិតជាដឹង និងទទួលស្គាល់ថា មហាអំណាចអាមេរិកជាប្រទេសគោរពសិទ្ធិមនុស្ស គ្មានហិង្សា មានយុត្តិធម៌សង្គម តែទីបំផុតប្រទេសមួយនេះយកកងកម្លាំងមកប្រើហិង្សាលើពលដ្ឋ ក្លាយជាការងើបតវ៉ាទ្រង់ទ្រាយធំ។
ប្រសិនបើយើងទស្សនារូបភាពបាតុកម្មប្រើអំពើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិកទាមទាររកយុត្តិធម៌សម្រាប់ជនជាតិស្បែកខ្មៅ George Floyd គឺបង្ហាញឱ្យឃើញពីការតក់ស្លុតរបស់ពលរដ្ឋដែលគិតថា រដ្ឋាភិបាលគ្មានវិធីគ្រប់គ្រងក្រុមប៉ូលិសឱ្យអនុវត្តតាមច្បាប់ និងភារកិច្ចរបស់ខ្លួន ។
ទិដ្ឋភាពបាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលត្រូវបានប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់ករហូតដល់ស្លាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានរីកសាយទូទាំងសហរដ្ឋអាមេរិកហើយ ដោយមកទល់ពេលនេះបាតុកម្មលាយឡំជាមួយអំពើហិង្សាដ៏សាហាវបានផ្ទុះឡើងនៅក្នុងរដ្ឋ យ៉ាងហោចចំនួន៣០ ហើយទីក្រុងចំនួន ២៥បានដាក់ចេញបម្រាមគោចរ។
បើតាមទីភ្នាក់ងារព័ត៌មាន AP ប៉ូលិសអាមេរិកបានឃាត់ខ្លួនមនុស្សជិត១,៤០០នាក់ នៅតាមទីក្រុងចំនួន១៧។ តែចំនួននេះអាចនឹងកើនឡើង ស្របពេលបាតុកម្ម នៅតែបន្តប្រព្រឹត្តទៅ ខណៈដែលលោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យយោធាប្រុងជើងការត្រៀមខ្លួនធ្វើអន្តរាគមន៍នៅក្នុងករណីចាំបាច់។ យើងអាចសិក្សាតាមសកម្មភាពធ្វើបាតុកម្មតវ៉ាប្រើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិកនារយៈពេលប៉ុន្មានថ្ងៃមកនេះ តើអាមេរិកខាតបង់អ្វីខ្លះ ក្រៅពីការរីករាលដាលជំងឺកូវីដ-១៩ច្រើនជាងគេលើពិភពលោក និងឈានដល់ទុក្ខទី២ គឺប្រទេសជាតិផ្ទុះការតវ៉ាពីពលរដ្ឋគ្រប់ទិសទីនោះ៕
ដោយ៖ សិលា