ក្រោយពីលុតក្រុម Fortuna Dusseldorf ក្នុងលទ្ធផល ៥ទល់០កាលពីម្សិលមិញ ក្រុមអតីតជើងឯក Bayern Munich មានភាគរយកាន់តែខ្ពស់ក្នុងការឈ្នះជើងឯក លីកកំពូលអាល្លឺម៉ង់នៅរដូវកាលនេះ ។
បច្ចុប្បន្នក្រុមខ្លាំងBayern Munich កំពុងឈរកំពូលតារាងមាន៦៧ពិន្ទុ លើស១០ពិន្ទុ ពីក្រុមលេខ២ Borussia Dortmund ដែលមាន៥៧ពិន្ទុ។ ចាប់តាំងពីបើកការប្រកួត ឡើងវិញ២២ ខែឧសភាកន្លងទៅ ក្រុមខ្លាំងBayern Munich មួយនេះមិនដែលចាញ់ នោះទេ ដោយ៣ប្រកួតឈ្នះទាំង៣ប្រកួត។
៥គ្រាប់របស់ក្រុមBayern Munich កាលពីយប់មិញរកបានដោយកីឡាករ M. Jørgensen របស់ក្លិប Fortuna Dusseldorf ដែលទាត់ចូលទីខ្លួនឯងនៅនាទីទី១៥។ គ្រាប់ទី២រកបានដោយកីឡាករ B. Pavard នៅនាទីទី២៩ គ្រាប់ទី៣និងទី៤រកបានដោយកីឡាករ Lewandowski ម្នាក់ឯងនៅនាទីទី៤៣ និងនាទីទី៥០។ ដោយឡែកគ្រាប់ទី៥រកបានដោយកីឡាករ A. Davies ។
សម្រាប់លីកកំពូលអាល្លឺម៉ង់មានតែក្លិប Bayern Munich មួយគត់ដែលលើកពានរង្វាន់នេះច្រើនជាងគេ ហើយរដូវកាលនេះសង្ឃឹមថានឹងលើកបន្តទៀត។ ខ្សែប្រយុទ្ធឆ្នើម Lewandowski របស់ក្លិបមួយនេះបច្ចុប្បន្នជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ មានសង្ឃឹមឈ្នះស្បែកជើងមាសផងដែរ ៕
ដោយ៖ ភិរក្ស