ខេត្ដរតនគិរី៖ គំនរឈើប្រណីត ប្រភេទឈើសុក្រំឡាំងបួនជ្រុងមានមុខ កាត់២០ទៅ៣០សង់ទីម៉ែត្រប្រវែង៣ទៅ៤ម៉ែត្រ ដែលឈ្មួញកំបាំងមុខធ្វើសកម្ម ភាពប្រមូលឈើទាំងនោះមកលាក់ទុក ជាច្រើនកំណាត់នៅក្នុងព្រៃត្រូវបានក្រុមប្រតិបត្ដិការនៃគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើស្រាវជ្រាវរុករកឃើញ លាក់ទុកក្នុងព្រៃនិងបង្ក្រាបរឹបអូសនៅ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ត្រង់ ចំណុចភូមិសាស្ដ្រលេខ០៧៤៧១៤៩ និង លេខ១៥៤៧១៤៩ ស្ថិតក្នុងភូមិមុយ ឃុំ ញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី ។
លោក ឡេង យុគ នាយផ្នែករដ្ឋបាល ព្រៃឈើបកែវអណ្ដូងមាស និងអូរយ៉ាដាវ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងចុះ ល្បាតតាមភូមិសាស្ដ្រមួយចំនួននៅក្នុងស្រុកអណ្ដូងមាសក៏បានប្រទះឃើញគំនរឈើលេខ១នោះជាច្រើនកំណាត់ ដែល សុទ្ធសឹងជាប្រភេទឈើសុក្រំឡាំងបួន ជ្រុងតែម្ដង ។ តាមការវាស់វែងឈើ លេខ១ដែលត្រូវដកហូតបាននោះមាន ចំនួន៤៩ដុំស្មើនឹង១៧.៦០៨ម៉ែត្រគូប ។
លោក ឡេង យុគ ក៏បានបញ្ជាក់ ទៀតថា បច្ចុប្បន្នឈើទាំងអស់នេះលោក បានដឹកជញ្ជូនឈើទាំងនោះមកផ្ញើទុកនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចហ័ង អាញ់អូរយ៉ាដាវ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែល រស់នៅតាមតំបន់បណ្ដាក្រុមហ៊ុននានា បានរិះគន់ថា ក្រុមហ៊ុនទាំងនោះភាគ ច្រើនសុទ្ធសឹងធ្វើជំនួញបទល្មើសព្រៃឈើក្រោមលេសវិនិយោគអភិវឌ្ឍន៍វិស័យ ដំណាំកសិឧស្សាហកម្មហើយក៏បានប្រព្រឹត្ដបទល្មើសព្រៃឈើយ៉ាងរង្គាលថែមទាំង មានការដឹកជញ្ជូនតាមរថយន្ដយីឌុបមួយជើងៗរាប់សិបគ្រឿងលើសទម្ងន់បង្កឱ្យ ខូចខាតផ្លូវជាតិទៀតផងដោយមិនគោរព លក្ខន្ដិកៈការវិនិយោគនោះឡើយ ៕
ដោយ៖ អ៊ុច សាវុទ្ធ