ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា ក្រុមរដ្ឋអិស្លាម IS កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ បានដោះលែងចំណាប់ខ្មាំងជាជនស៊ីវិល២៧០នាក់ ក្នុងចំណោមចំណាប់ខ្មាំងប្រមាណ៤០០នាក់ ដែលក្រុមនេះបានចាប់ជំរិតកាលពីចុងសប្តាហ៍មុននោះឲ្យមានសេរីភាពវិញ ។ ការចាប់ជំរិតជនស៊ីវិលភាគច្រើនជាស្ត្រី និងកុមារ ហើយត្រូវបានដោះលែងនាពេលនេះ កើតឡើងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធរដ្ឋអិស្លាមបានបើកការវាយប្រហារជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី ស្ថិតក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាល គឺភាគខាងកើតទីប្រជុំជន Deir al-Zor កាលពីចុងសប្តាហ៍កន្លងមកនេះ ។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីក៏បានថ្លែងបញ្ជាក់ដែរថា ទោះបីយ៉ាងណាក៏ដោយ ក្រុមរដ្ឋអិស្លាមបានចាប់បុរសៗប្រមាណ៥០នាក់ កាលពីថ្ងៃទី១៩ ខែមករា អំឡុងពេលវាយឆ្មក់ពីលំនៅឋានមួយទៅកាន់លំនៅឋានមួយខ្នងទៀត ស្ថិតនៅក្នុងតំបន់ ក្នុងការប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលស៊ីរីរយៈពេល៤ថ្ងៃស្ថិតនៅជាយក្រុង Deir al-Zor នោះផងដែរ ។
ប្រធានក្រុមសង្កេតការណ៍សិទ្ធិមនុស្ស លោក Rami Abdulrahman បានបញ្ជាក់ថា អ្នកដែលត្រូវចាប់ជាចំណាប់ខ្មាំង និងជាបុរសភេទអាយុចាប់ពី១៤ឆ្នាំ រហូតដល់៥៥ឆ្នាំ បាននិងកំពុងស្ថិតក្រោមការសាកសួររបស់ក្រុមរដ្ឋអិស្លាម នៅឡើយ មិនទាន់មានការដោះលែងនោះទេ ។
លោក Rami Abdulrahman បានបញ្ជាក់ថា ការសាកសួរនោះ នៅពេលដែលក្រុមរដ្ឋអិស្លាមបង្កើតរដ្ឋដឹងថា ជនដែលត្រូវចាប់ជាចំណាប់ខ្មាំងនេះ ជាអ្នកដែលប្រឆាំងជាមួយសាសនារបស់ខ្លួននោះ ពួកគេនឹងចាត់វិធានការ ឬធ្វើទារុណកម្មតែម្តង ឬរហូតដល់ការសម្លាប់ចោលផងដែរ ។
សហរដ្ឋអាមេរិកបានថ្កោលទោសចំពោះអំពើហិង្សាប្រឆាំងទៅលើជនស៊ីវិល ស្ថិតនៅតំបន់ Deir al-Zor និងបានថ្លែងអះអាងថា អ្នកទទួលខុសត្រូវក្នុងទង្វើទាំងនេះ នឹងប្រឈមមុខចំពោះទោសទណ្ឌដែលខ្លួនបានប្រព្រឹត្តជាក់ជាពុំខាន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner បានបញ្ជាក់ថា «យើងទាមទារឲ្យដោះលែងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌចំពោះជនស៊ីវិលទាំងឡាយដែលត្រូវក្រុមរដ្ឋអិស្លាម(ISIL)ចាប់ជាចំណាប់ខ្មាំង ឬកំពុងត្រូវបានឃុំខ្លួននោះ» ។
ជនស៊ីវិលដែលត្រូវដោះលែងទាំងនោះ ជាពលរដ្ឋដែលស្ថិតនៅក្នុងដែនដីគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាមប៉ុណ្ណោះ ស្ថិតនៅក្នុងខេត្តនៃរដ្ឋធានី Deir al-Zor ដែលលាតសន្ធឹងទៅកាន់រដ្ឋទីក្រុង Raqqa ជាទឹកដីគ្រប់គ្រងដោយក្រុមរដ្ឋអិស្លាមស្ថិតនៅក្នុងទឹកដីអ៊ីរ៉ាក់ ។
ក្រុមឧទ្ទាមរដ្ឋអិស្លាមនៅតែគ្រប់គ្រងបានដែនដីភាគច្រើនដដែលស្ថិតនៅក្នុងខេត្តនៃរដ្ឋធានី Deir al-Zor នោះ ។ ក្រុមនេះបានវាយប្រហារដណ្តើមគ្រប់គ្រងតាំងពីខែមីនា ឆ្នាំ២០១៥ កន្លងមក ហើយនៅតែបន្តគ្រប់គ្រងបានរហូតដល់សព្វថ្ងៃ ដោយកម្លាំងរដ្ឋាភិបាលស៊ីរី ក៏ដូចកងកម្លាំងសម្ពន្ធមិត្តមិនអាចវាយបណ្តេញក្រុមរដ្ឋអិស្លាមបានឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត