ខេត្តកណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំលោក-លោកស្រីស្នងការរង អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងនគរបាល នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិសណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ រួមគ្នាបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាលឲ្យពួកគាត់រស់នៅក្នុងភាពសុខសាន្តមិនមានការភ័យខ្លាច។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់កងកម្លាំងថែទាំសុខភាព ហូបស្អាត រស់នៅស្អាត បន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕
ដោយ៖ សិលា