អូស្ត្រាលី៖ សារសំខាន់ដែលក្រុមបាតុករអូស្ត្រាលី ចង់បង្ហាញនៅពេលនេះ គឺស្វែងរកយុត្តិធម៌ដល់ក្រុមជនជាតិដើម អូស្ត្រាលី ដែលបានស្លាប់ ក្នុងពេលឃុំខ្លួន ។ បើទោះបីត្រូវបានហាមប្រាមជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។ បាតុកម្មខាងលើ គឺធ្វើឡើងដោយមានឥទ្ធិពលពីបាតុកម្មនៅអាមេរិក ប្រឆាំងការរើសអើងជាតិសាសន៍។
ពលរដ្ឋអូស្ត្រាលី រាប់ពាន់នាក់ នៅថ្ងៃទី៦ខែមិថុនា បានដង្ហែក្បួនបាតុកម្ម ទាមទារយុត្តិធម៌ជូនជនជាតិដើមរបស់អូស្ត្រាលី ។
បាតុកម្មខាងលើ គឺទទួលឥទ្ធិពលពីបាតុកម្មនៅប្រឆាំងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់ George Floyd នៅអាមេរិក។ នៅទីក្រុងជាច្រើន ក្នុងប្រទេសអូស្ត្រាលី ក្នុងនោះមានទីក្រុង Sydney, Melbourne, Brisbane និង Adelaide បាននាំគ្នាធ្វើបាតុកម្មដើម្បីប្រឆាំង និង ការឃុំខ្លួនជនជាតិដើមនៅក្នុងប្រទេសនេះ ក៏ដូចជាចូលរួមបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍។
ពលរដ្ឋអូស្ត្រាលី រាប់ពាន់នាក់បានចូលរួមបាតុកម្ម“Black Lives Matter” នៅទូទាំងប្រទេសអូស្ត្រាលីនៅថ្ងៃទី ៦ខែមិថុនានេះ បើទោះបីមានការព្រមានពីនាយករដ្ឋមន្ត្រី Scott Morrison និងថ្នាក់ដឹកនាំតាមបណ្តារដ្ឋក្តី។
កាលពីយប់ថ្ងៃទី ៥ខែមិថុនា តុលាការរដ្ឋ New South Wales ប្រទេសអូស្ត្រាលីបាន ប្រកាសអាសន្ន ហាមប្រមូលផ្តុំគ្នា ដើម្បីរារាំងបាតុកម្មដែលមានមនុស្សប្រមាណ១ម៉ឺននាក់ចូលរួម។ ប៉ុន្តែអ្នកដឹកនាំបាតុកម្ម បានប្រកាសថា មិនអាចគ្រប់គ្រងការធ្វើបាតុកម្មបានឡើយដោយតុលាការចេញសេចក្តីសម្រេចយឺតពេល មិនអាចរំសាយទាន់ពេលវេលានោះឡើយ៕
ដោយ៖ ធី រីណា