រដ្ឋមន្រ្តីក្រសួងការងារជំរុញឱ្យប្រជាពលរដ្ឋបន្តការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យប្រជាពលរដ្ឋបន្តការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។
លោក អុឹត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបែបនេះនៅក្នុងពិធីចុះជួបសំណេះសំណាលនិងចែកអំណោយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២៥២គ្រួសារនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ នៅក្នុងបរិវេណវត្តទួលទំពូង។លោក អុិឹត សំហេង បានមានប្រសាសន៍ទៀតថា បងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាឱ្យបាននូវវិធានការអនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាស់រៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូនិងអាល់កុលឱ្យបានញឹកញាប់។ លោករដ្ឋមន្ត្រីរំលឹកថា កូវីដ-១៩ គឺជាជំងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្ភព្រោះមានលក្ខណៈឆ្លងរហ័ស មិនថាអ្នកមានឬអ្នកក្រ ចាស់ឬក្មេងសុទ្ធតែអាចប្រឈមនិឹងការឆ្លងទាំងអស់ប្រសិនណាមិនបានការពារឱ្យបានខ្ជាប់ខ្ជួននោះទេ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមអនុសាសន៍ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។សម្ដេចបានលើកឡើងនូវពាក្យស្លោកមួយថា«មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានឡើយ»។
អភិបាលខណ្ឌចំការមនថេង សុថុល បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរបានរៀបចំពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងខ្វះខាត។ ប្រជាពលរដ្ឋដែលត្រូវទទួលអំណោយនៅព្រឹកនេះមានចំនួន២៥២នាក់មកពីសង្កាត់ទាំង៥របស់ខណ្ឌចំការមន។ លោកអភិបាលខណ្ឌបានបន្តអោយដឹងថាពលរដ្ឋក្រីក្រនៅក្នុងខណ្ឌចំការមន មានចំនួនសរុប៨០៤គ្រួសារ ក្នុងនោះមានបណ្ណសមធម៌ចំនួន២៩២គ្រួសារ និងគ្រួសារដែលគ្មានបណ្ណសមធម៌មានចំនួន៥១២គ្រួសារ។
គិតត្រឹមម៉ោង ៥ៈ៣០នាទីល្ងាចថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ជំងឺកូវីដ-១៩ ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៦៩៦៦៤១២នាក់ដែលក្នុងនោះអ្នកជំងឺចំនួន ៤០១៦០៧នាក់បានស្លាប់បាត់បង់ជីវិត និង ៣,៣៦៣,៥៩៤នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។
គួរបញ្ជាក់ថា ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង២៥២គ្រួសារនេះគឺ១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម, ទឹកត្រី១ដប, ទឹកស៊ីអុីវ១ដប, ត្រីខ២កំប៉ុង, ស្ករស១គីឡូក្រាម, អំបិល១គីឡូក្រាម, មី៥កញ្ចប់, សាប៊ូ១ដុំ, ម៉ាស់១០សន្លឹក ក្រមា១, អាល់កុល១ដបតូចនិងថវិកា ចំនួន២ម៉ឺនរៀលក្នុង១គ្រួសារ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print